ក្រុម Man Utd កំពុងធ្វើការចរចារជាមួយក្លិបយក្សរបស់អេស្ប៉ាញ Real Madrid ជុំវវិញការផ្លាស់ប្តូរក្នុងតម្លៃ ៣៥លានផោន ដោយតម្រូវឲ្យ James Rodriguez ផ្លាស់ទៅកាន់ទឹកដីអូត្រាហ្វត ។
បិសាចក្រហមបានចាប់អារម្មណ៍ ជាយូរណាស់មកហើយ ទៅលើកឡាករកូឡ៊ុំប៊ី ហើយរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា កិច្ចព្រមព្រៀងរវាងក្លិបទាំងពីរ ជិតឈានដល់ដំណាក់កាលចុងក្រោយ ។

របាយការណ៍កាលពីដើមសប្តាហ៍នេះបានបង្ហាញថាភ្នាក់ងារជាន់ខ្ពស់របស់ Rodriguez គឺលោក Jorge Mendes បានកំពុងស្និទ្ធស្នាល ក្នុងការចរចារជាមួយ បិសាចក្រហម ។
កុងត្រាកីឡាករខាងលើ នៅសល់ ១រដូវកាលទៀត គឺឆ្នាំ ២០២១ ហើយអាចនឹងឲ្យគាត់ចាកចេញ ក្រោយបង្ហាញខ្លួនលេងជូនក្រុមត្រឹមតែ ៦៣ប្រកួត ចាប់តាំងពីការមកដល់ ក្នុងឆ្នាំ ២០១៤ ។

ក្រោយបង្ហាញខ្លួនបាន ២រដូវកាលជូនក្រុម Bayern Munich ក៏វិលចូលទឹកដីអេស្ប៉ាញវិញ ហើយបានបង្ហាញខ្លួនលេង ១៣ ប្រកួត ក៏ជួបបញ្ហារបួសតែម្តង ដែលបណ្តាលឲ្យគាំងស្តូកស្តឹង ។
ទន្ទឹមជាមួយគ្នានេះដែរ មានការលើកឡើងថា Rodriguez មិនពេញចិត្តជាមួយលោក Zinedine Zidane ហើយកីឡាករអាយុ ២៨ឆ្នាំរូបនេះ កំពុងស្វះស្វែងរកជំរើសថ្មី។
បិសាចក្រហមអាចប្រើ Rodriguez ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរសម្រាប់តារាឆ្នើមបារាំង Paul Pogba ហើយអាចនឹងថែមទឹកប្រាក់ ៣៥ លានផោន ។
បញ្ជាក់ផងដែរថា ក្រុមអធិរាជស បានចំណាយប្រាក់ ៦៦លានផោន ជូនដល់ Monaco ក្នុងការទិញយក Rodriguez កាលពីឆ្នាំ ២០១៤ ៕
