លោក ភា សុភ័ក្ត្រា ដែលជាជំនួយការគ្រូបង្វឹកជម្រើសជាតិកម្ពុជាបានបញ្ចេញមតិខ្លះៗពាក់ព័ន្ធស្ថានភាពបច្ចុប្បន្ននេះ ដែលមិនមានការប្រកួតទាំងពានរង្វាន់លីគកំពូល នឹងពានរង្វាន់សម្តេច ហ៊ុន សែន ធ្វើឲ្យប៉ះពាល់ដល់ការហ្វឹកហាត់របស់កីឡាករទាំងអស់។
អតីតគ្រូបង្វឹកទ័ពរូបនេះបាននិយាយថា៖”ស្ថិតក្នុងស្ថានភាពនេះវាគឺជាទនួលខុសត្រូវខ្ពស់មែនទែនចំពោះកីឡាករព្រោះនៅពេលដែលគ្មានការប្រកួតប៉ុន្តែពួកគាត់នៅតែប្រឹងប្រែងហ្វឹកហាត់នៅផ្ទះរៀងៗខ្លួននេះជាចំណុចល្អមួយក្នុងគ្រាដ៏លំបាក”។ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីកូវីដ-១៩ ដោយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយ ខណៈដែលត្រូវរង់ចាំបញ្ហានេះ ត្រូវបានបញ្ចប់ជាមុនសិន។
គួរបញ្ជាក់ផងដែរថា ភា សុភ័ក្ត្រា បានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត A- License កាលឆ្នាំ២០១៣ ខណៈអាជីពជាគ្រូបង្វឹករបស់លោកបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦ ក្រោយបានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត C ( AFC “C” license ) នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០០៥ ស្របពេលនេះគឺជាជំនួយការគ្រូបង្វឹកជម្រើសជាតិកម្ពុជា៕