ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឡើងរយៈពេល ១៣ឆ្នាំមកហើយ ពោលគឺចាប់តាំង ២០០៧ មកម្លេះ ខណៈថ្ងៃនេះ OBN សូមលើកយកអំពីកីឡាករដែលឈ្នះស្បែកជើងមាសច្រើនជាងគេមកជំរាបជូន។
កីឡាករដែលទើបចូលនិវត្តន៍កាលពីថ្មីនេះ ឃួន ឡាបូរ៉ាវី គឺជាខ្សែប្រយុទ្ធកណ្តាលដែលអ្នកគាំទ្រមួយចំនួនតែងតែនិយាយថា “យឺត” តាមពិតអ្នកមកពីខេត្តកំពង់ចាមរូបនេះធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្តេច ហ៊ុន សែន ដល់ទៅ ៤ លើក(២០១១,២០១២,២០១,២០១៧) ច្រើនជាងគេ។ ចំណែកកីឡាករចាស់វស្សាកំពុងលេងនៅក្លិបណាហ្គាវើលដ៍ គួច សុកុម្ភៈ ធ្លាប់ឈ្នះ ២ លើក(២០០៩,២០១០) ស្របពេលដែល ចាន់ វឌ្ឍនាកា, ហុក សុជីវ័ន្ត, សុក ចាន់រស្មី, ស្រី វាសនា, សួង វីរៈ, ប្រាក់ មន្នីឧត្តម, នួន បុរី នឹង វ៉ា សុខុម ធ្លាប់ឈ្នះត្រឹមម្នាក់ម្តងប៉ុណ្ណោះ។
សម្រាប់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបែងជាពីរដំណាក់កាល គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ខេត្តដំណើរការដោយមាន ១៧ ក្រុម ចូលរួម បែងចែកជា ៥ ពូល ប្រកួតជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំពោះក្រុមល្អបំផុតពីលេខ ០១ ដល់លេខ ០៤ ថ្នាក់ខេត្ត ត្រូវចូលរួមជាមួយក្លិបចំនួន ១២ ផ្សេងទៀតនៅក្របខណ្ឌ Metfone Cambodian League ដើម្បីធ្វើការប្រកួតពីវគ្គ ១៦ ក្រុមចុងក្រោយ រហូតដល់លើកពាន។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សម្តេច ហ៊ុន សែន នេះធ្វើការប្រកួតមិនមានកីឡាករបរទេសចូលរួមឡើយ ពោលគឺមានតែកីឡាករកម្ពុជាសុទ្ធ ដូច្នេះ បូរ៉ាវី គឺជាខ្សែប្រយុទ្ធកណ្តាលដែលល្អបំផុតរបស់កម្ពុជាត្រឹម ១០ឆ្នាំចុងក្រោយនេះ៕