តារាល្បីរបស់ក្លឹប Aston Villa កីឡាករ Jack Grealish ត្រូវបានកាសែតអង់គ្លេស The Sun ចេញផ្សាយថាបានបើករថយន្ត Range Rover របស់ខ្លួនដែលមានតម្លៃដល់ទៅជាង៨ម៉ឺនផោនបំបុករះនៅឯកន្លែងចតរថយន្តមួយកន្លែងនិងបានធ្វើឲ្យខូចខាតរថយន្តខ្លួនឯងផងនិងរថយន្តផ្សេងទៀតយ៉ាងហោចណាស់៣គ្រឿងផ្សេងទៀតផង។
កីឡាករប្រធានក្រុមវ័យ២៤ឆ្នាំរូបនេះបានបន្តបដិសេធការអះអាងរបស់មនុស្សមួយក្រុមដែលបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាកីឡាកររូបនេះបានបន្តជប់លៀងពេញមួយយប់ទោះបីជាមានការបិទទីក្រុងក៏ដោយសារតែជំងឺរាតត្បាតកូរ៉ូណា។គួរឲ្យដឹងដែរថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងក្រោយរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដែល Grealish បានបង្ហាញវិដេអូលើកទឹកចិត្តឲ្យអ្នកគាំទ្ររបស់ខ្លួនក្នុងការបន្តរក្សាឃុំខ្លួននៅក្នុងផ្ទះដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូរ៉ូណានោះ។
តាមសាក្សីបានបញ្ជាក់ថាកីឡាកររូបនេះបានប៉ះទង្គិចត្រង់ស្មាបន្តិចប៉ុន្តែបាននិយាយទាំងខឹងច្រឡោតទៅកាន់ម្ចាស់រថយន្តដែលខូចខាតថានឹងបង់រាល់ការចំណាយជួសជុលទាំងអស់ប្រសិនបើមិនមានអ្វីធ្ងន់ធ្ងរជាងនេះនោះហើយក៏បានព្យាយាមគេចចេញពីកន្លែងកើតហេតុបាត់មុនដែលក្រុមប៉ូលីសបានមកដល់៕
ប្រែសម្រួល៖Lee