ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នគរបាលខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឃាត់ខ្លួននារីម្នាក់ ដែលប្រកាស លក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 តាម Facebook ដោយគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលកម្ពុជា ។
នគរបាលខណ្ឌឫស្សីកែវ បានចុះទៅដល់ទីតាំងមួយ នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដោយមានឈ្មោះ វ៉ា វួចគៀង ភេទស្រី អាយុ២៦ឆ្នាំមុខរបរលក់ឥវ៉ាន់ តាមប្រព័ន្ធអនឡាញ ជាម្ចាស់ផ្ទះជួល ។
ឈ្មោះ វ៉ា វួចគៀង បានប្រើប្រាស់ Facebook Page ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។
ឈ្មោះវ៉ាវួចគៀងបានរៀបរាប់ថា ខ្លួនគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មដើម្បី លក់ឧបករណ៍ខាងលើនេះ អោយឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប្រសិនបើ មានអ្នកកុម្ម៉ង់ទិញ គឺ ខ្លួននឹងឆាត ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់យកមកលក់បន្ត ។ ប៉ុន្តែជាក់ស្ដែង ឈ្មោះ វ៉ា វួចគៀង នេះ ពុំទាន់ទទួលបានឧបករណ៍ នោះនៅឡើយទេ ។
បច្ចុប្បន្ននេះនគរបាលខណ្ឌឫស្សីកែវ បាននាំខ្លួនអ្នកលក់តាមប្រព័ន្ធអនឡាញរូបនេះ ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសួរនាំបន្តទៀត និង កសាងសំណុំរឿងតាមនីតិវិធី ៕