កាសែតអង់គ្លេស The Sun នៅថ្ងៃចន្ទទី៣០ខែមិនានេះបានសរសេរថា Premier Leagueកំពុងធ្វើការពិចារណាជម្រើសចុងក្រោយមួយទៀតដើម្បីអាចឲ្យលីករដូវកាលនេះអាចបញ្ចប់ទៅដោយមិនមានបញ្ហាជាមួយនឹងកូរ៉ូណា។កីឡាករទាំងអស់អាចនឹងត្រូវដាក់បម្រាមមិនឲ្យត្រឡប់ទៅគេងនៅផ្ទះវិញបានឡើយនិងបន្តរស់នៅជាមួយគ្នាដែលធ្វើបែបនេះលីកអាចដំណើរការវិញនៅក្នុងខែមិថុនាតាមផែនការ។

កន្លងមកនិងបច្ចុប្បន្នទាំងក្លឹបនិងកីឡាករព្រមទាំងក្រុមការងារពាក់ព័ន្ធបានបង្ហាញពីបំណងចង់បញ្ចប់ទៅនៃយុទ្ធនាការក្នុងរដូវកាលនេះឲ្យបានទោះបីជាត្រូវលេងដោយមិនមានទស្សនិកជនក្តី។នេះគឺជាវិធីដ៏ល្អមួយចុងក្រោយដែលមានន័យថាកីឡាករទាំង២០ក្លឹបនឹងត្រូវរស់នៅតាមតំបន់ផ្សេងៗគ្នាដាច់ដោយឡែកប៉ុន្តែចាំបាច់មិនឲ្យត្រឡប់ទៅផ្ទះវិញបាននោះទេរហូតដល់រដូវកាលបញ្ចប់ទៅជាផ្លូវការ។

ការរស់នៅដាច់ដោយឡែកគឺដើម្បីបង្ការការរីករាលដាលដល់កីឡាករផងនិងពីក្រុមគ្រួសារផងហើយពួកគេអាចស្នាក់នៅជាមួយនឹងមិត្តរួមក្លឹបគ្រូបង្វឹកនៅតាមទីតាំងផ្សេងគ្នាដូចជាសណ្ឋាគារឬទីលានហ្វឹកហាត់របស់ក្លឹបជាដើមដើម្បីឲ្យការប្រកួតអាចដំណើរការគឺជាជម្រើសដ៏ល្អបំផុតដែលគ្រប់គ្នានឹងចង់បាន៕
ប្រែសម្រួល៖Lee
