ភ្នំពេញ៖ បន្ទាប់ពី មានសេចក្តីប្រកាសជាផ្លូវការពីក្លិបសមាជិកលីគកំពូលឥណ្ឌូនេស៊ី Persib Bandung ថ្លែងអំពីកីឡាកររបស់ខ្លួនមួយរូបបានតេស្តរកឃើញមានផ្ទុកជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 ស្របពេលកីឡាករដទៃទៀតកំពុងធ្វើតេស្តបន្ត ខណៈដែលក្លិបនៃលីគកំពូលកម្ពុជាមិនទាន់ធ្វើតេស្តកីឡាករឡើយ។
កីឡាករអាជិពដំបូងគេនៅអាស៊ានដែលមានផ្ទុក Covid-19នោះឈ្មោះថា Wander Luiz គឺជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៨ឆ្នាំ និងជាកីឡាករទើបចូលរួមជាមួយក្លិប Persib Bandung ក្នុងរដូវកាល២០២០នេះ បន្ទាបពីបានផ្ទេរមកពីក្លិបលីគកំពូលវៀតណាម Becamex Binh Duong ដែលត្រូវបានធ្វើតេស្តរកឃើញផ្ទុកនៃជំងឺសាកលប្រភេទថ្មីខាងលើ។ ប៉ុន្តែបើតាមសេចក្តីប្រកាសរបស់ក្លិបផ្ទាល់ បច្ចុប្បន្នកីឡាកររូបនេះមានសុខភាពល្អជាធម្មតា និងត្រូវបានបញ្ចូនទៅដាក់ឃុំដាច់ដោយឡែកជាបណ្តោះអាសន្ន ដោយមានការតាមដានពីក្រុមវេជ្ជបណ្ឌិតរបស់រដ្ឋ។
ដូច្នេះហើយ បើទោះបីជាលីគកំពូលកម្ពុជាត្រូវបានពន្យាការប្រកួតក្តី ប៉ុន្តែក្លិបមួយចំនួនបានរៀបចំផែនការប្រមូលផ្តុំដដែល តើក្លិបទាំងអស់ត្រូវធ្វើតេស្តកីឡាករខ្លួនទាំងអស់ ដើម្បីធានាក្នុងពេលហ្វឹកហាត់ដែរទេ? ជាការពិតណាស់កីឡាករនៃលីគកំពូលកម្ពុជាគឺមានមកពីប្រទេសជាច្រើនដែលកំពុងប្រកបអាជីពទីនេះ ហើយយើងក៏មិនដឹងថាអ្នកណាមានផ្ទុកជំងឺថ្មីនេះ នោះដែរ៕


