ធារី ចន្ថាប៊ីន ហ្វឹកហាត់នៅផ្ទះ ទោះលីគកំពូលម៉ាឡេស៊ី មិនមានការប្រកួតដោយសារកូវីដ ១៩

0

ភ្នំពេញ៖ កីឡាករកម្ពុជាតែម្នាក់ដែលប្រកបអាជីពនាក្រៅប្រទេសបានយូជាងគេ ធារី ចន្ថាប៊ីន បានខិតខំប្រឹងប្រែងហ្វឹកហាត់ បើទោះបីជាលិគកំពូលម៉ាឡេស៊ីត្រូវបានពន្យាពេល ដោយសារតែកំពុងជួបបញ្ហាការរីលរាលដាលនៃជំងឺកូវីដ ១៩ នាប្រទេសនេះ នឹងសកលលោក។

កូនខ្មែរបារាំងរូបនេះ បានទៅចូលជាមួយក្លិបនាប្រទេសកម្ពុជាដំបូងនាឆ្នាំ២០១២ ដោយចូលរួមក្លិប ភ្នំពេញក្រោន រហូលដល់ឆ្នាំ២០១៦ ខណៈដែលឆ្នាំ២០១៧ បានសម្រេចទៅប្រលូកក្រៅប្រទេសដោយបានចូលរួមជាមួយក្លិប Krabi របស់ប្រទេសថៃ បង្ហាញខ្លួនបានតែ ១០ លើក ក៏ត្រលប់មកកម្ពុជាវិញក្នុងការខ្ចីជើងនាក្លិប អគ្គិសនីកម្ពុជា។ នាឆ្នាំ២០១៨ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចាកចេញទៅក្រៅប្រទេសជាលើកទី២ ដោយទៅចូលរួមជាមួយក្លិប Terengganu នៃលីគកំពូលម៉ាឡេស៊ី ការចាប់ផ្តើមបានយ៉ាងល្អរហូតពេញមួយរដូវកាល ក្លិបថៃ Sukhothai នៃក្របខណ្ឌលំដាប់ទី១ ពេញចិត្តយ៉ាងខ្លាំងសំរាប់មកបំពេញកូតាកីឡាករអាស៊ាន ប៉ុន្តែចំពោះលក្ខខណ្ឌមួយចំនួនមិនត្រូវ ក៏ទៅម៉ាឡេសុីវិញ ដោយបានចូលរួមជាមួយ Perak ការបង្ហាញខ្លួន ៣ លើក នាក្លិបថ្មីនេះ មិនទាន់ចាញ់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា លីគកំពូលម៉ាឡេស៊ី ត្រូវបានពន្យាពេលដោយមិនទាន់បានកំណត់ការវិលត្រលប់មកវិញឡើយ ដោយសារតែបញ្ហា នៃជំងឺកូវីដ ១៩ ស្របពេលដែលទើបចាប់ផ្តើមរដូវកាល២០២០ បាន ៤ សប្តាហ៍ ខណៈដែលក្លិប Perak របស់កីឡាករកម្ពុជា កំពុងឈរចំណាត់ថ្នាក់លេខ២ ឆ្លងកាត់ ៤ ប្រកួត ឈ្នះ ២ នឹងស្មើ ២ ដង៕
អត្ថបទ៖ មៃ ចាន់បុត្