មនុស្ស៣៤០នាក់ នៅសៀមរាបរកឃើញប៉ះពាល់ ដោយប្រយោល ជាមួយជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ-១៩ នៅព្រះសីហនុ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញ បុគ្គលចំនួន ៣៤០នាក់ ជាអ្នកប៉ះពាល់ប្រយោល ជាមួយអ្នកទេសចរ ជនជាតិបារាំង ដែលមាន វិជ្ជមានវីរុសកូវីដ១៩ កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ ។

យោងតាម សេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញ ២ករណីថ្មី ជាបុរសជនជាតិឥណ្ឌូណេស៊ី វិជ្ជមានវីរុសកូវីដ១៩ និងមានអ្នកជាសះស្បើយម្នាក់របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានរកឃើញបុគ្គល ចំនួន ៣៤០នាក់ ដែលជាអ្នកប៉ះពាល់ប្រយោលជាមួយអ្នកទេសចរ ជនជាតិបារាំង នៅខេត្តព្រះសីហនុ ។ បច្ចុប្បន្ន ពួកគាត់ស្ថិតនៅក្រោមការតាមដាន សុខភាពរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងរយៈពេល១៤ថ្ងៃ” ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះករណីវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជា ទាំងអស់មានចំនួន ៩៨ករណី (ស្រី២៥នាក់ ប្រុស៧៣នាក់ ក្នុងនោះមានចំនួន ១១នាក់ បានជាសះស្បើយ  និងពុំមានករណីបង្កដល់អាយុជីវិតនៅឡើយ ខណៈនៅរាជធានីភ្នំពេញ មានអ្នកឆ្លងវីរុស កូវីដ-១៩ ចំនួន ១៣ករណី (ទាំងជនបរទេស) ៕