ភ្នំពេញ៖ ឯកឧត្តមអ្នកឧកញ៉ា កុក អាន ដែលជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដល់រាជរដ្ឋាភិបាលគឺដើម្បីសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាពីការរាតត្បាតនៃវីរុសកូវីដ១៩ដែលកំពុងតែគំរាមកំហែងនៅទូទាំងពិភពលោកនោះ។ ទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួសសប្បុរស៖ កន្លែងទី១៖ នៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានទីតាំងនៅក្រសួងសុខាភិបាល និងកន្លែងទី២៖ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀតជាអ្នករងចាំទទួល។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ាកុក អាន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏សូមអំពាវនាវដល់ប្រជាជនខ្មែរ សូមរក្សាអនាម័យនិងអនុវត្តនូវវិធានការការពារដែលកំណត់ដោយស្ថាប័នជំនាញ ហើយសូមជូនពរដល់ជូនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមជៀសផុតអំពីជំងឺដ៏កាចសាហាវនេះ។
ដូច្នេះហើយ ក្លឹបភ្នំពេញក្រោន បានចាប់ផ្តើមមុនគេក្នុងការផ្តល់ជាថវិការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកំចាត់វីរុសថ្មីនេះ នឹងមានប្រធានស្ថាប័នមួយចំនួនបានចូលរួមដូចគ្នា ខណៈដែលក្លឹបផ្សេងៗ នៃលីគកំពូលមិនទាន់មាននៅឡើយទេ៕
អត្ថបទ៖ មៃ ចាន់បុត្រ