ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានឲ្យដឹងជាបឋមថា ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ៣នាក់ បានឆ្លងជំងឺខូវីត១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ សូមជូនដំណឹងជាបឋមថា នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០ នេះ មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែររៀបការស្វាមីកូរ៉េ ០១នាក់ អាយុ២៣ឆ្នាំ ម្តាយអាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុស អាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះ បានឆ្លងពីក្មួយ បានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំង ជាងគេនៅកូរ៉េ ។
សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃេីញមាន COVID-19 នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បេីយរួចទៅហេីយ។
យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសានដើម្បីពិនិត្យ និងព្យាបាល។
បច្ចប្បន្នស្ថានទូត បាននិងកំពុងតែប្រមូលព័ត៌មាន ច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួល ជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធ ផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះ ទៅមន្ទីរពេទ្យដោយផ្ទាល់ ដេីម្បីតាមដានពីស្ថានភាព សុខភាពរបស់ពួកគាត់នាព្រឹកនេះ ៕