ពានរង្វាន់ ស្វាយរៀងខាប់ ត្រូវពន្យាការប្រកួត ដោយសារកូវីដ-១៩

0

ភ្នំពេញ៖ សម្រាប់ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ដែលគ្រោងចាប់ផ្តើមសប្តាហ៍ទី៦ របស់ខ្លួនត្រូវពន្យាពេល ដោយសារតែការការពាររីករាលដាលជំងឺកូវីត-១៩ ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា។

ពានរង្វាន់នេះ មានការចូលរួមចំនួន ៥១ក្រុម មានចំនួន ១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។ ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុប ប្រមាណ១,៥០០នាក់។

ចំណែកការប្រកួតនឹងធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀង សម្រាប់វគ្គជំរុះក្នុងពូល និងទីលានកីឡដ្ឋាន ខេត្តស្វាររៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។ លក្ខខណ្ឌចូលរួមក្រុមកីឡាទាំងអស់ ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន ២៣នាក់ និងយ៉ាងតិចបំផុត ១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្ត ចំនួន ៣នាក់ និង ២០នាក់ទៀត ជាអ្នករស់នៅ ក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។

រូបមន្ត នៃការប្រកួតរបស់ក្រុមទាំង៥១ ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង ១ពូល មានចំនួន ៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ ៣២ក្រុមបន្ត។ ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន ៦ក្រុម ក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។

សូមជម្រាបថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន ៥ រដូវកាលមកហើយ ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ គោលបំណងបង្កើតអោយមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕