ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសប្រកាសបិទច្រកព្រំដែន មិនអនុញ្ញាតពលរដ្ឋវៀតណាម ចូលមកកម្ពុជា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនាតទៅ រហូតដល់វៀតណាម បើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ។
វិធានការបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីវៀតណាម សម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។
ក្នុងសារសំឡេងបែកធ្លាយមួយនៅថ្ងៃ១៩ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរ នៅតាមបណ្ដាខេត្តជាប់ព្រំដែនទាំងអស់ ត្រូវអនុវត្តចាប់ពីថ្ងៃទីម៉ោង១២ យប់ថ្ងៃទី២០ មីនាតទៅ។
បន្ថែមពីនោះសម្ដេចតេជោណែនាំឲ្យអាជ្ញាធរ ស្នើសុំពលរដ្ឋកម្ពុជា មកស្រុកកំណើតវិញ ប្រសិនបើបានចូលទៅហើយ ត្រូវអាជ្ញាធរវៀតណាម ដាក់បម្រាមឲ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “បន្ទាប់ពីនោះ អាជ្ញាធរតាមច្រកព្រំដែនទាំងអស់ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ មីនា មានន័យថាយើងបាន ជូនដំណឹងឲ្យវៀតណាមមុនជាង ៤៨ម៉ោង ខុសពីវៀតណាមដែលមិនបាន ជូនដំណឹងដល់យើងទាល់តែសោះ ដូច្នេះនេះមិនមែនជាគោលការណ៍បដិការទេ គោលការណ៍បដិការកាលណាបិទ គឺបិទទាំងអស់គ្នា…ហើយបម្រាមនេះ នឹងត្រូវធ្វើរហូតដល់វៀតណាម លើកបម្រាមចេញតែម្ដង» ។
សម្ដេចបន្ថែមថា ការមិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ ។ សម្ដេចថា ការដកបម្រាមចេញវិញ គឺអាស្រ័យភាគីវៀតណាម ថាត្រូវដកពេលណា ។
សូមរំលឹកថា កាលពីថ្ងៃ១៧ មីនា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្អាកផ្ដល់ទិដ្ឋាការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ចូលវៀតណាម រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៨ មីនា ។ អ្នកដំណើរចូលវៀតណាមទាំងអស់ នឹងទទួលការត្រួតពិនិត្យសុខភាព និងវិធានការបង្ការផ្សេងទៀត ឬដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមបទបញ្ជារបស់វៀតណាម ៕