ភ្នំពេញ៖ យោងតាមកាលវិភាគក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងត្រូវឈប់សម្រាក FIFA’s Day តាមការគ្រោងនាសប្តាហ៍ខាងមុខនេះ ទោះបីមិនមានការប្រមូលផ្ដុំ ឬប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាក្តី។
កិច្ចប្រជុំពិភាក្សា និងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹង FIFA’s Day ក្នុងចំណោមគណៈកម្មការប្រកួតជាតិកម្ពុជា (CNCC), ក្រុមការងារជម្រើសជាតិកម្ពុជា និងតំណាងក្លិបទាំង ១៣ នៅក្នុងលីគ ខណៈការប្រកួតក្នុងស្រុកនានានឹងសម្រាកសម្រាប់ខែមីនា។ ទោះជាយ៉ាងណា ប្រសិនបើការប្រកួតកម្រិតជម្រើសជាតិមិនរៀបចំឡើងអំឡុង FIFA’s Day ខែមិថុនា ភាគីទាំង៣ខាងលើបានព្រមព្រៀងគ្នារំកិលការប្រកួតលីគ និងពានសម្ដេចតេជោ ហ៊ុន សែន មកជំនួសដើម្បីកុំឱ្យទំនេរចោល។
គួរបញ្ជាក់ថា បើតាមកាលវិភាគជម្រុះ FIFA World Cup 2022 ដំណាក់កាលទីពីរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី២៦ ខែមីនា និងទទួលអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា។ ផ្ទុយទៅវិញ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី AFC បានព្រមព្រៀងលើកការប្រកួតទាំងអស់ទៅពេលក្រោយវិញ ដូច្នេះហើយការសម្រាកក្នុងលីគ និងពានសម្ដេច ហ៊ុន សែន ថ្នាក់ខេត្តសម្រាប់ខែមីនា គឺពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១៕