ភ្នំពេញ៖ ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០ សប្តាហ៍ទី៥ នាថ្ងៃទី១៤ ខែមីនា នេះ ក្រុមដែលមិនមានសមាជិកបរទេស ត្រូវទៅប្រកួតក្រៅដីដូចគ្នា នាទីលានផ្សេងគ្នា។
ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវទទួល ក្រុមអគ្គិសនីកម្ពុជា ដែលយើងដឹកមកហើយថាមិនមានសមាជិកជាកីឡាករបរទេសនោះទេ ខណៈក្រុម អាស៊ីអឺរ៉ុប យូណាយធីត ត្រូវប្រកួតជាមួយ ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក៏មានតែកីឡាករកម្ពុជាសុទ្ធដែរ។
គិតត្រឹមសប្តាហ៍ទី៥ នេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ ដោយឆ្លងកាត់ការប្រកួត ៤លើក ឈ្នះ ៣ដង ស្មើម្តង ចំណែក អគ្គិសនីកម្ពុជា ឆ្លងកាត់ ៣ប្រកួត ឈ្នះម្តង ស្មើម្តង នឹងចាញ់ម្តង កំពុងឈរលេខ៨ ។ ក្រុមអាស៊ីអឺរ៉ុប កំពុងស្ថិតនៅលេខ៩ ធ្វើការប្រកួត ៤លើក ក្នុងនោះ ឈ្នះម្តង ស្មើម្តង នឹងចាញ់ ២លើក ខណៈក្រុមយុវជនបាទី ឆ្លងកាត់ ៣ប្រកួត ស្មើម្តង នឹងចាញ់ ២ដង មិនដែលឈ្នះ ហើយមិនដែលស៊ុតចូលគូប្រកួតនោះទេ។
គួរបញ្ជាក់ថា ជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ អគ្គិសនីកម្ពុជា ធ្វើឡើងនាវេលាម៉ោង ៦ ល្ងាច លើកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលដែល អាសុីអឺរ៉ុប ស្វាគមន៍ U-18 បាទី នាវេលាម៉ោង ៣:៣០ នាទីរសៀល នាទីលានកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក៕
អត្ថបទ៖ មៃ ចាន់បុត្រ

