ភ្នំពេញ៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបសំបុកគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ៥៦នាក់ ដកហូតថ្នាំញៀន ៤២កញ្ចប់ នៅតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះដែរលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀនទាំង៥៦នាក់ ក្នុងនោះមុខ សញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៥១នាក់។
វត្ដុតាងដកហូតបានរួមមាន៖ ម៉ូតូ២៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕