ត្រឹមតែ ៣ ប្រកួត Timothy ស៊ុតចូល ៧ គ្រាប់ ឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ

0

ភ្នំពេញ៖ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Okereke Timothy របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន នៅតែបន្តឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាល២០២០ នេះ ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ទើបតែផ្លាស់មកកាន់ដឹកដី Smart RSN នារដូវកាលថ្មីនេះទេ ខណៈកាលពីនៅជាមួយក្រុមចាស់ អង្គរថាយហ្គឺរ ក៏ជាតារាជើងស៊ុតប្រចាំក្លិបផងដែរ។ ចំណែកការបង្ហាញខ្លួនជាមួយក្រុមជើងឯក ៥ សម័យកាលនេះ ទើបតែ ៣លើក ប៉ុណ្ណោះ ប៉ុន្តែអាចរកបាន ៧គ្រាប់ កំពុងឈរកំពូលតារាងអ្នកស៊ុតបានច្រើនជាងគេ នៅលីគកំពូលកម្ពុជា ស្របពេលដែលកីឡាករ ៣រូប កំពុងតាមពីក្រោយ រួមមាន Befolo Mbarga(Privat) របស់ព្រះខ័នរាជស្វាយរៀង, Dzarma Bata មកពីអង្គរថាយហ្គឺរ នឹងមិត្តរួមក្រុម Andrés Nieto រកបានម្នាក់ ៣គ្រាប់។

រង់ចាំមើលថា ខ្សែប្រយុទ្ធមាឌធំនេះអាចរកបានគ្រាប់បាល់បន្តទៀតទេ នៅក្នុងកាលប្រកួតសប្តាហ៍ទី៤ ដោយ ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ខាងមុននេះ៕