Barca ចង់ចុះហត្ថលេខាយក Andres Iniesta ពីទឹកដីជប៉ុនវិញ​

0

យោងតាមរបាយការណ៍បានអោយដឹងថាក្រុមបាសេឡូណាបានព្យាយាមចុះហត្ថលេខាឡើងវិញយកកីឡាករ Andres Iniesta ពី Vissel Kobe ក្នុងខែមករា កន្លងទៅ តែ​ការព្យាយាមនេះបានបរាជ័​យ​។ នេះបើយោងតាមគេហទំព័រ The Sun បានចុះផ្សាយ​។​

ខ្សែបម្រើរូបនេះ បានចូលរួមលេង​ជាមួយក្លិបអ្នកមានបុណ្យតាំងពីអាយុ ១២ឆ្នាំ  និងបានចំណាយពេល ២២ឆ្នាំ នៅក្លិបមុនពេលចាកចេញ កាលពីខែឧសភា ឆ្នាំ​២០១៨ ។​

អំឡុងពេលនៅ Camp Nou គាត់បានឈ្នះពានរង្វាន់ចំនួន ៣៥ រួមទាំងពានរង្វាន់ La Liga ចំនួន ៩ និង Champions League ចំនួន ៤ ។ កីឡាករខាងលើ ជិតចាប់ផ្តើមរដូវកាលទី​៣ ជាមួយ Vissel Kobe  ហើយបានជួយឲ្យក្លិបឈ្នះពាន Emperor’s Cup និង Japanese Super Cup ។​

ទោះបីជាយ៉ាងនេះក្តី ប្រភពខាងលើបានបញ្ជាក់ថា Barcelona បានព្យាយាមចុះហត្ថលេខា​កីឡាកររូបនេះ​ ឲ្យមកជួយលេងក្នុងលក្ខណ្ឌខ្ចីជើង ជាមួយរដូវកាលដែលកំពុងសេសសល់។

របាយការណ៍ខាងលើបានបន្តថា មូលហេតុដែលក្លិបអ្នកមានបុណ្យចង់នាំ Andres Iniesta មកវិញ ក៏ដោយសារតែ​ពួកគេចង់ពង្រឹង​នូវក្រុមខ្លួនឡើងវិញ ។ ទោះយ៉ាងណាក៏ដោយ ក្លិបនៅទឹកដីជប៉ុន បានច្រានចោលនូវសំណើរនេះ ដោយមិនចង់ប្រគល់នូវកីឡាករដ៏សំខាន់ ដែលគន្លឹះនាំមកនូវជោគជ័យរបស់ពួកគេឡើយ។

ក្នុងបទសម្ភាសន៍ជាមួយ Barca TV កាលពីខែមុនបានចុះផ្សាយថា គ្រូបង្វឹកថ្មីរបស់ក្លិប ចង់នាំយកកីឡាករ​អាយុ ៣៥ឆ្នាំខាងលើ មកកាន់ទឹកដី ខេមណូ សារជាថ្មី។

នៅពេលដែលអ្នកកាសែតសួរនាំថា មួយណា​ក៏តែចុះហត្ថលេខាយកមកវិញ លោក Setien បានឆ្លើយថា Andres Iniesta​ គួរតែមិនទាន់ចូលនិវត្តន៍នោះទេ យើងគួរតែនាំគាត់មកវិញ៕