សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីដែលហៅកាត់ថា AFC បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថាការប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFC Champions League ដែលមានការចូលរួមពីក្លឹបចិននៃការប្រកួតបីថ្ងៃដំបូងត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភអំពីការផ្ទុះឡើងនៃមេរោគថ្មីកូរ៉ូណា។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានចុះផ្សាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំបន្ទាន់ ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាល AFC គណៈគ្រប់គ្រងបាល់ទាត់អាស៊ីបាននិយាយថាការប្រកួតដែលពាក់ព័ន្ធនឹងក្លិបមកពីប្រទេសចិននៅក្នុងខែកុម្ភៈនិងខែមិនានឹងត្រូវរៀបចំឡើងវិញទៅក្នុង ខែមេសានិងឧសភា។ ការប្រកួតនៅជុំទី ១៦ ត្រូវបានស្នើឡើងទៅធ្វើនៅថ្ងៃ ទី ១៦ និង ១៧ ខែមិថុនានិងជើងទី២នៅថ្ងៃទី ២៣ ឬ ២៤ ខែមិថុនាវិញ។
ការប្រកួតចំនួន ៦ ដែលពាក់ព័ន្ធនឹងក្លឹបចិនក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃការប្រកួតនឹងត្រូវធ្វើឡើងនៅប្រទេសអូស្ត្រាលីជប៉ុនកូរ៉េខាងត្បូងថៃនិងម៉ាឡេស៊ីរៀងៗខ្លួន។ រដ្ឋាភិបាលខ្លះរួមទាំងអូស្រ្តាលីបានណែនាំឲ្យមានការរឹតត្បិតដែលនឹងនាំឲ្យក្លិបចិនមិនអាចធ្វើដំណើរទៅលេងដូចផែនការដែលបានគ្រោងទុកឡើយ៕
ប្រែសម្រួល៖Lee