Home សង្គម សម្តេច​តេជោទៅកាន់ទីក្រុងប៉េកាំង រសៀលនេះ ជំនួសទីក្រុង វូហាន

សម្តេច​តេជោទៅកាន់ទីក្រុងប៉េកាំង រសៀលនេះ ជំនួសទីក្រុង វូហាន

0

ភ្នំពេញ៖ សម្តេច​តេជោ បានប្រកាស​ថានឹងទៅកាន់ទីក្រុងវូហាន ប៉ុន្តែក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចបានទេទៅកាន់ទីក្រុងនោះ ហើយជួសមកវិញ ខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងវិញ ។​

នៅលើផេកហ្វេសប៊ុកសម្តេច​តេជោ បានសរសេរនៅព្រឹកនេះ ថា «តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។»

ផេកសម្តេចបានបន្តថា ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។
សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕

Previous articleប្រកួត​វ​គ្គ​ជ​ម្រុះ​ AFC Champion League ​ទាំ​ងឡា​យ​ណា​ដែ​ល​មា​ន​ក្លឹប​ចិ​ន​ចូ​ល​រួម​នឹ​ង​ត្រូ​វល​ប់​ចោ​ល​ទាំ​ង​អ​ស់
Next articleក្រសួងអប់រំឧបត្ថម្ភថវិកា៤៦លានរៀលដល់និស្សិតខ្មែរ២៣នាក់កំពុងសិក្សានៅវ៉ូហានតំបន់ផ្ទុះវីរុសកូរ៉ូណា