ទោះបីជាឱកាសក្នុងការលើកពានរង្វាន់កំពូលអង់គ្លេសរដូវកាលនេះសាជាថ្មីត្រូវបានឃ្លាតកាន់តែឆ្ងាយប៉ុន្តែសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Man City វិញគឺកីឡាករ Sergio Aguero នៅតែបន្តឆ្ពោះទៅមុខក្នុងការដណ្តើមស្បែកជើងមាសពីការប្រកួតដែលនៅសេសសល់រដូវកាល។
ការបង្ហាញខ្លួនយប់មិញ Aguero នៅតែបន្តបង្កើនតួលេខគ្រាប់បាល់របស់ខ្លួនបន្ថែមទៀតដោយជួយរកគ្រាប់បាល់បាន១គ្រាប់ជួយឲ្យ Man City យកឈ្នះលើ Sheffield ក្នុងលទ្ធផល១ទល់០។Aguero អាចស៊ុតបញ្ចូលទីបានភ្លាមក្រោយប្តូរចូលបានត្រឹមតែ៦នាទីនិងក្លាយទៅជាគ្រាប់បាល់ទី៥ហើយក្នុងការបង្ហាញខ្លួនទាំង២ដងចុងក្រោយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាក្នុងការប្រកួតយប់មិញនេះកីឡាករដល់ទៅ៧នាក់ដែលត្រូវបានលោកគ្រូបង្វឹក Pep Guardiola បានប្តូរចេញពីឈុតធំ១១នាក់ដែលប្រកួតស្មើទៅនឹង Crystal Palace កាលពីចុងសប្តាហ៍កន្លងមកហើយក្នុងនោះក៏មាន Aguero ម្នាក់ផងដែរប៉ុន្តែចុងក្រោយនៅតែត្រូវប្តូរកីឡាកររូបនេះឲ្យចូលលេងដដែលដើម្បីរកគ្រាប់បាល់៕
ប្រែសម្រួល៖Lee