ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងនៅលើបណ្តាញសង្គមរបស់លោកនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ថាដូចជាធំក្លិនមិនស្រួល លើករណី សិស្សសាលាវាយគ្នាស្លាប់នាពេលថ្មីៗនេះ ។
លោកពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញសង្គមរបស់លោក នាព្រឹកនេះថា «បែកធ្លាយ ព្រះរាជអាជ្ញា កែបទល្មើស ករណីយុវជនសាលារៀន AIS វាយសម្លាប់យុវជនរៀនជាមួយគ្នាថ្មីៗ នេះដោយថារបាយការណ៍សំយោគរបស់ប៉ូលីសដាក់ជាបទល្មើសមនុស្សឃាត ក៏ប៉ុន្តែនៅខាងព្រះរាជអាជ្ញា កាន់រឿងហ្នឹងបែរជាកែបទល្មើសដាក់ទៅជាអំពើហឹង្សាដោយចេតនាទៅវិញ ដូច្នេះករណីនេះគឺហាក់បីដូចជាមិនស្រួលនិងមានធំក្លិនមិនល្អថែមទៀតផង។
តើបងប្អូនយល់យ៉ាងណាដែរ.......?»
ប្រវត្តិរឿង៖
អស់ពីសិស្សស្រីវៃគ្នា ឈានដល់សិស្សប្រុស ជ្រុលដៃវៃគ្នាស្លាប់
ភ្នំពេញ៖ យុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AIS ត្រូវមិត្តភ័ក្រវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ប្រភពពីមិត្តភ័ក្រ បានអោយដឹងថា មុនកើតហេតុ មានទំនាស់ពាក្យសំដីជាមួយមិត្តភ័ក្រ្តដែលរៀននៅថ្នាក់ជាមួយគ្នា ដោយប្រើសំដីអាមឹង ហើយណាត់វាយគ្នាមួយទល់មួយ នៅមុខសាលាផ្លូវ៤៣០ ចៃដន្យ ជនរងគ្រោះត្រូវដៃគូទំនាស់ វាយមួយដៃចំដើមទ្រូង និងក បណ្តាលអោយចុកណែន ហើយត្រូវមិត្តភ័ក្ររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗជនដៃដល់ដែលមានអាយុត្រឹម១៥ឆ្នាំនោះ ក៏បានគេចខ្លួនផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបានអោយដឹងមុនកើតហេតុមានសន្តិសុខមន្ទីរពេទ្យរុស្សុី បានរាយការណ៍មកអាជ្ញាធរថាយុវសិស្សម្នាក់ស្លាប់ ពេលដាក់ម៉ូតូបញ្ជូលមកដល់ពេទ្យហើយក្រោយមកក៏នគរបាលប៉ុស្តិ បានចាត់កម្លាំងចុះទៅដល់មន្ទីរពេទ្យ និងសាកសួរនាំយុវជនម្នាក់ដំណេីររឿងបង្កហិង្សា រហូតបណ្ដាលអោយមានមនុស្សស្លាប់យុវជនម្នាក់អាយុ១៥ឆ្នាំ រៀនថ្នាក់ទី០៩(ឃ) បច្ចុប្បន្នសពតំកល់នៅសាលមន្ទីរពេទ្យ រងចាំផ្នែកជំនាញកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ ដើម្បីរកមូលហេតុ និងស្រាវជ្រាវរកជនដៃដល់យកមកសាកសួរនាំ៕