Bruno Fernandes ខឹងសម្បារក្រោយក្លិប​  Sporting ច្រានចោលសំណើរតូចតាចរបស់បិសាចក្រហម

0

កីឡាករ Bruno Fernandes បានបង្ហាញអាការៈខឹងសម្បារ បន្ទាប់ពីក្លិប Sporting បានជូនដំណឹង ទៅកាន់ខ្សែបម្រើរូបនេះថា ពួកគេមិនយល់ព្រមចំពោះសំណើរដែលក្លិបបិសាចក្រហមផ្តល់ជូននោះទេ ។​

ក្លិបបិសាចក្រហមបានព្យាយាម​ធ្វើការលើទីផ្សារដោះដូរកីឡាករ ជាពិសេស​ជាមួយក្លិបនៅទឹកដី ព័រទុហ្កាល ជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមិនឈានដល់កិច្ចព្រមព្រៀងឡើយ។​

បិសាចក្រហម បានបង្ហាញក្តីសង្ឈឹម​ កុងត្រាកីឡាករអាយុ ២៥ឆ្នាំ ខណៈដែលសាមីខ្លួន ក៏បានសម្រេច ចិត្តថាចាកចេញដូចគ្នា​។

ក្លិបនៅអង់គ្លេស ខាងលើត្រូវបានគេចុះផ្សាយថា បានផ្តល់សំណើរជូនក្លិបព័រទុហ្កាល ចំនួន ៤២.៦ លានផោន ជាមួយទឹកប្រាក់បន្ថែម ២៥.៥លានផោនទៀត ក្នុងករណីក្លិបអាចឈ្នះលីកកំពូលអង់គ្លេស Champions League ឬមួយក៏ Fernandes អាចបញ្ចប់ក្នុងតំណែង​ជាកីឡាករ៣នាក់ ដែលស្ថិតក្នុងការដណ្តើមពាន Ballon d’Or ។​

Sporting  បានប្រាប់ទៅកាន់ក្លិបបិសាចក្រហម​ ថា អ្វីដែលផ្តល់ឲ្យគឺទាបបំផុត​នូវអ្វីដែលពួកគេរំពឹងទុក  ហើយកំពុងស្នើសុំថ្លៃខ្ពស់ជាងហ្នឹង​។ ក្លិប Sporting  សូមឲ្យការផ្តល់ជូននូវទឹកប្រាក់ ៥៥.៣ លានផោន បូករួមទាំង ប្រាក់បន្ថែម ក៏ព្រោះតែ​ក្លិបបិសាចក្រហម ស្ថិតនៅឆ្ងាយក្នុងការដណ្តើមពានលីកកំពូលក្នុងស្រុក ឬក៏ពានតំបន់អឺរ៉ុប។

កាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Frederico Varandas ប្រធានក្លិប Sporting បានទូរស័ព្ទទៅ Fernandes និងបានប្រាប់ខ្សែបម្រើរូបនេះថាពួកគេនឹងមិនទទួលយកការផ្តល់ជូនរបស់ Man United នោះទេ​។

ក្នុងនោះដែរ Fernandes បានឆ្លើយតបយ៉ាងក្រអឺតក្រទមទៅ Varandas ក៏ព្រោះតែគាត់បានព្យាយាមចាកចេញតាំងពីរដូវកាលមុន ប៉ុន្តែត្រូវបានរារាំង  ហើយខ្សែបម្រើរូបនេះ​បានលើកឡើងថា ចង់ចាកចេញ ក្នុងទីផ្សារដោះដូរ កីឡាករនាខែមករា​នេះ  ហើយក៏បានគំរាមដល់ក្លិបថានឹងដកខ្លួនពីការលេង​ជាមួយ Benfica ក្នុងគោលបំណងបង្ខំ​ឲ្យមានការផ្លាស់ប្តូរទៅកាន់ទឹកដី អូត្រាហ្វត ៕