ភ្នំពេញ៖ ជនជាប់ចោទ ឈ្មោះ ជា ហាក់ ស្រ៊ុន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបជាថ្នូរនឹងការធានាផ្តល់ច្បាប់អនុញ្ញាតសាងសង់លំនៅឋានក្នុងរមណីយដ្ឋានអង្គរ។
ការសម្រេចឃុំខ្លួននេះ ជាលទ្ធផលនៃការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនៃស្នងការដ្ឋានខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងស្រាវជ្រាវយ៉ាងសស្រាក់សស្រាំជាទីបំផុតកាលពីចុងសប្តាហ៍កន្លងមក។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈអំពីការទទួលប្រាក់ចំនួន២០០០ដុល្លារដោយឈ្មោះ ជា ហាក់ស្រ៊ុន និងឈ្មោះ វឿង ព្រឿង ដើម្បីរត់ការច្បាប់សាងសង់ក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងបានស្វែងរកជនទាំងពីររូបនេះមកបំភ្លឺក្នុងរយៈពេលចុងសប្តាហ៍កន្លងមក។
អាជ្ញាធរជាតិអប្សរាក៏សូមសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរទាំងអស់សូមចូលរួមគោរពច្បាប់ក្នុងការសាងសង់ក៏ដូចជាប្រុងប្រយ័ត្នចំពោះជនខិលខូចដែលឆបោកយកប្រាក់ជាថ្នូរនឹងការសាងសង់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានបង្ហាញអត្តសញ្ញាណជនបោកប្រាសដែលបានប្រព្រឹត្តខុសច្បាប់ក្នុងការអនុញ្ញាតនូវសំណង់ខុសច្បាប់ឱ្យកើតឡើងក្នុងឧទ្យានអង្គរផងដែរ។
អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ថារាល់ការដាក់ពាក្យស្នើសុំឬអនុញ្ញាតឱ្យមានការជួសជុលឬសាងសង់សំណង់ទាំងអស់ក្នុងរមណីយដ្ឋានអង្គរមិនតម្រូវឱ្យបង់ប្រាក់ទេ៕