ក្លិបបាល់ទាត់បឹងកេត បានរៀបចំកម្មវិធីបង្ហាញសមាសភាពកីឡាករ និងគ្រូបង្គោលថ្មី កាលពីម្សិលមិញ នាកីឡដ្ឋាន Cambodia Airway ក្រោមអធិបតីភាពអ្នកស្រីប្រធានក្លិប ពុធ ធីតា នឹងលោក បែ មករា អគ្គលេខាធិការក្លិប និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។
លោក Apisit Im Amphai ជនជាតិថៃត្រូវបានតែងតាំងជាគ្រូបង្គោលថ្មី សម្រាប់មកកែរប្រែក្រុមជើងឯកពានរង្វាន់ហ៊ុនសែននេះនារដូវកាល២០២០ ខាងមុខ។ ក្នុងនោះដែរក្លិបក៏បានបង្ហាញកីឡាករវ័យក្មេងទាំងបួនរូបដែលមកពីសាលាបាល់ទាត់ជាតិបាទីផងដែរ។
គ្រូជនជាតិថៃបានបញ្ជាក់ថា ការដែលលោកសម្រេចចិត្តទទួលយកការងារនៅកម្ពុជាសាជាថ្មីដោយសារតែមានទំនាក់ទំនងល្អនៅកម្ពុជា ព្រោះលោកធ្លាប់មានបទពិសោធដឹកនាំនៅប្រទេសមួយនេះកន្លងមកដែរ៕

