ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ បានធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ក្រុមរបស់ម៉ាកាវ MUST CPK ( Chao Pak Kei ) ឈ្នះទាំងពីរប្រកួត កាលពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ នាកីឡដ្ឋាន Urban Village។
ការប្រកួតកាលពីថ្ងៃទី២៨ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម MUST CPK ដោយលទ្ធផល ២ទល់១ ខណៈដែលម្សិលមិញនេះ ក្រុមជើងឯករបស់កម្ពុជា បន្តយកឈ្នះក្រុមជើងឯកម៉ាកាវ ជាលទ្ធផល ៣ទល់១ សរុបទាំងពីរប្រកួត ៥ទល់២។ ការប្រកួតនេះសម្រាប់ ព្រះខ័នរាជស្វាយរៀង ត្រៀមប្រកួតពាន AFC CUP 2020 ជាមួយក្រុម Master 7 របស់ប្រទេសឡាវ បើឈ្នះនឹងត្រូវចូលក្នុងពូល G ដែលមាន ៣ក្រុម រួចហើយ ដូចជា Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្រុមឥណ្ឌូនេស៊ី Bali United។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតវគ្គ Play-Off ជាមួយក្រុម Master 7 នៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ នាពហុកីឡដ្ឋានជាតិ និងជើងទីពីរ នៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់៕
អត្ថបទ៖ មៃ ចាន់បុត្រ


