ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក្លិបកីឡាបាល់ទាត់ វិសាខា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ក្រោមការឧបត្ថម្ភដោយធនាគារ Prince Bank Plc បានរៀបចំកម្មវិធី Football Clinic ក្រោមប្រធានបទ “ចែករំលែកក្ដីស្រលាញ់តាមរយៈកីឡាបាល់ទាត់” នៅវិទ្យាល័យខ្លាកូន ក្រោមអធិបតីភាពពីឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី ជាប្រធានក្លិប និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
កម្មវិធីសប្បុរសធម៌នេះ បានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសដ៏សប្បាយរីករាយ ស្នាមញញឹម និងស្និទ្ធស្នាលបំផុត រវាងថ្នាក់ដឹកនាំគ្រូបង្វឹក និងកីឡាករទាំងអស់ ជាមួយសិស្សានុសិស្ស និងកុមារកំព្រាជាច្រើនរយនាក់ តាមរយៈការចែករំលែកបទពិសោធន៍ និងបង្ហាត់នូវបច្ចេកទេសបាល់ទាត់ ការប្រកួតមិត្តភាព ការថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភសម្ភារៈមួយចំនួនដល់កុមារកំព្រាផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូ នាវេលាម៉ោង ៣ រសៀលនេះ វិសាខា នឹងបន្ដរៀបចំកម្មវិធី Football Clinic ដដែល នៅខេត្តបាត់ដំបងវិញម្ដង នៅទីលានសាកលវិទ្យាល័យបាត់ដំបង តាមគម្រោងនឹងមានការចូលរួមពីសិស្សានុសិស្ស និងក្មេងកុមារកំព្រាជាច្រើនផងដែរ ៕
អត្ថបទ៖ មៃ ចាន់បុត្រ