Honda ប្រកាសចែកផ្លូវគ្នាជាមួយក្លិប Vitesse Arnhem ដោយរួមរស់មិនទាន់បាន ២ខែផង

0

ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រកាសចែកផ្លូវគ្នាជាមួយក្លិប Vitesse Arnhem ដោយបានរួមរស់នឹងគ្នាមិនដល់ ២ខែផង ចាប់តាំងពីថ្ងៃចុះកិច្ចសន្យាមក។

អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានបង្ហោះនៅលើ twitter ថា៖“ អរគុណនៅអ្វីៗគ្រប់យ៉ាងសំរាប់មនុស្សគ្រប់រូបនៅ Mijn Vitesse បើទោះវាជាពេលវេលាដ៏ខ្លី ប៉ុន្តែខ្ញុំពិតជាពេញចិត្តណាស់។ ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកនៅថ្ងៃណាមួយម្តងទៀត!” ។ “ នៅពេលខ្ញុំមកដល់ទីនេះ គោលដៅរបស់ខ្ញុំគឺផ្លាស់ប្តូរអ្វីៗ តែខ្ញុំធ្វើវាមិនបានទេ។ ” កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានចុះកុងត្រា កាលពីនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នំា២០១៩ កិច្ចសន្យារយៈពេលរហូតដល់ចប់រដូវកាល។

គួរំលឹកថា មុនចាកចេញបុរសសញ្ជាតិជប៉ុនបានបង្ហាញខ្លួន ៤ ប្រកួតប៉ុណ្ណោះ នៅក្នុងក្របខណ្ឌ Eredivisie ពោលគឺចាញ់ ២ លើក ស្មើ ១ លើក និងឈ្នះ ១ លើក ខណៈដែលប្រកួតប៉ុន្មានសប្តាហ៍កន្លងមកនេះ លោកគ្រូបង្វឹក Leonid Slutsky មិនបានដាក់ឲ្យលេងឡើយ៕

អត្ថបទ៖ មៃ ចាន់បុត្រ