ប្រមុខរាជរដ្ឋាភិបាលបង្ហើបគម្រោងសាងសង់ផ្សារនៅតាមបន្ទាត់ព្រំដែនបន្ថែមទៀតដោយប្រើថវិកនិងជាងរបស់កម្ពុជា

0
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបង្ហើបគម្រោងសាងសង់ផ្សារគំរូព្រំដែនថ្មីបន្ថែមចំនួន២ទៀត នៅខេត្តជាប់ព្រំដែនវៀតណាម គឺខេត្តស្វាយរៀង និងខេត្តកំពត ដោយប្រើប្រាស់ថវិកាជាតិនិងជាងរបស់កម្ពុជាផ្ទាល់តែម្ដងមិនចាំបាច់ពឹងពាក់ភាគីវៀតណាមទៀតទេ។
ក្នុងពិធីសម្ពោធផ្សារគំរូព្រំដែនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលើកឡើងបន្ថែមថាការចំណាយសាងសង់ផ្សារគំរូដំបូងគេនៅខេត្តត្បូងឃ្មុំនេះប្រើប្រាស់ថវិកាប្រមាណ២លានដុល្លារ ដែលពីមុនគិតថាជាចំនួនច្រើនសម្រាប់កម្ពុជា តែពេលនេះ មិនច្រើនសម្រាប់កម្ពុជានោះទេ ដូច្នេះកម្ពុជាគប្បីសាងសង់ដោយខ្លួនឯង និងសង់ឲ្យបានឆាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា”ខ្ញុំចង្អុលបង្ហាញ ផ្សារដែលគ្រោងធ្វើនៅក្នុងខេត្តស្វាយរៀង និងកំពត គប្បីប្រើថវិកាជាតិរបស់កម្ពុជាធ្វើតែម្តងទៅ ពិតមែនតែយើងបានដាក់សំណើ ទៅមិត្តវៀតណាមហើយ សុំឲ្យជួយសង់ផ្សារនៅកំពត និងស្វាយរៀង តែឥឡូវនេះមិនទាន់មានចម្លើយពីមិត្តវៀតណាមទេ ប៉ុន្តែខ្ញុំចង្អុលបង្ហាញថា កម្ពុជាគប្បីធ្វើខ្លួនឯង”៕