ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានផ្តល់កិច្ចសន្យាកីឡាករអាជីពដល់យុវជន ៥នាក់ និងដំឡើងមកកាន់ក្រុមធំសម្រាប់ត្រៀមរដូវកាល២០២០ ខាងមុខនេះ។
ជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពជាកីឡាករអាជីពក្នុងការប្រកួតប្រជែងទាំងកម្រិតក្លិប ឬអាចមានឱកាសជាប់ជាជម្រើសជាតិនាពេលអនាគតផងដែរ។
ចំពោះកីឡាករទាំង៥រួមមាន អ្នកចាំទី ហាន់ មាន, បម្រើកណ្តាល ឈុំ សុខហៃ, បម្រើប្រយុទ្ធ រស់ ដារ៉ាពេជ្រ ព្រមទាំងខ្សែប្រយុទ្ធ ចន ចម្រើន និង សំអុល ទីណា ដែលមកពីយុវជនថ្នាលអាយុក្រោម ១៨ឆ្នាំ របស់ភ្នំពេញក្រោន។
សូមបញ្ជាក់ថា ពួកគេទាំងអស់នោះសុទ្ធតែទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន ប្រមាណជិត ៥ឆ្នាំមកហើយមុនពេលត្រូវបានជ្រើសរើសឡើងមកកាន់ក្រុមធំដោយគ្រូបង្វឹកលោក ស៊ុំ វណ្ណា ផ្ទាល់៕
អត្ថបទ៖ មៃ ចាន់បុត្រ




