ដំ​ណឹង​​​ល្អ​​​!​ ​ក​ម្ពុ​ជា​-​វៀ​ត​ណា​ម​ ​គ្រោ​ង​ប​ង្កើ​តតំ​ប​ន់​ត្រួ​ត​ពិ​និ​ត្យ​រ​ថ​យ​ន្ត​រួ​ម​គ្នា​ ​នៅ​តំ​ប​ន់​ព្រំ​​​ដែន

0

ភ្នំពេញ៖លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងអះអាងថា កម្ពុជា-វៀតណាម គ្រោងនឹងបង្កើត តំបន់ត្រួតពិនិត្យរថយន្តរួមគ្នា នៅព្រំដែន កម្ពុជា-វៀតណាម ដើម្បីងាយស្រួល ក្នុងការជញ្ជូនទំនិញឆ្លងកាត ទៅវិញទៅមក រវាងប្រទេសទាំងពីរ។

ក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ច្រកសេដ្ឋកិច្ចបាវិត លោកស៊ុន ចាន់ថុល បានថ្លែងថា “លោក NGUYEN VAN THE រដ្ឋមន្ត្រី ដឹកជញ្ជូនវៀតណាមគាត់បានលើកឡើងថា គាត់មានដីប្រហែលជា៥០ហិចតាឯណោះ អាចបង្កើតបានជាតំបន់ត្រួតពិនិត្យរួមគ្នា ដែលជាគោលបំណងរបស់ GMS ហៅថាតំបន់មេគង្គ ក៏ដូចជាគោលបំណងអាស៊ានដែរ។ចងឲ្យតំបន់សេដ្ឋកិច្ចរួមគ្នា ទៅវាងាយស្រួល ទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរនេះ”។

លោកបន្តថា បើសិនលោកជាមួយនឹងរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម បានឯកភាពគ្នារួចហើយ នោះ ភាគីទាំងពីរ នឹងស្នើក្រុមហ៊ុន សាងសង់ ដើម្បីមកធ្វើការគូរប្លង់ លើដីរបស់វៀតណាម ដែលមាន៥០ហិចតានោះសិន ដើម្បីមើលការដឹកជញ្ជូន ចេញ-ចូល ថាឃើញបែបណាសិន ហើយត្រូវបញ្ជូនគំរូប្លង់នោះ មកឲ្យកម្ពុជាវិញ។ ហើយកម្ពុជានឹងយកគំរូប្លង់នោះ មកពិភ្សាផ្ទៃក្នុងសិន ដើម្បីធ្វើរបាយាការណ៍ដាក់ជូន ទៅនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យនិងសម្រេចជាចុងក្រោយ ព្រោះបញ្ហានេះ ទាក់ទងជាមួយនឹងអធិបតេយ្យភាពទាំងមូល។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងករណីបើឡានណា ដែលមិនមានក្រដាសស្នាមត្រឹមត្រូវ នឹងត្រូវដាក់ទុក នៅមួយកន្លែងសិន ដើម្បីដោះស្រាយតាមច្បាប់ ហើយចំណែកឡាន ដែលមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ហើយនោះ នឹងមានអទិភាព បានទៅមុនឡានដែលគ្មានឯកសារដោយមិនចាំបាច់នៅកកស្ទះឡើយ៕