នាពេលកន្លងមក ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានបង្ហាញទំនុកចិត្តយ៉ាងខ្លាំង ក្នុងការផ្ទេរយក កីឡាករខ្សែប្រយុទ្ធអង់គ្លេស Callum Hudson Odoi មកកាន់កីឡាដ្ឋាន Allanz Arena ប៉ុន្តែជាលទ្ធផល ការចចារគ្នាត្រូវបានបរាជ័យទៅវិញ។
កាសែតអង់គ្លេស The Sun នៅថ្ងៃព្រហស្បតិ៍នេះ បានចុះផ្សាយថា នៅនាទីចុងក្រោយ កីឡាករផ្ទាល់បានសម្រេចចិត្ត បន្តលេងជាមួយនឹង Chelsea ដដែល ដោយសារតែមូលហេតុមួយគត់។ កីឡាករ Odoi បានបញ្ជាក់ថា មុនការសម្រេចចិត្តចុងក្រោយ រូបគេបានធ្វើការសន្ទនាគ្នាតាម chat ជាមួយនឹងគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard ហើយជាពេលដែលខ្លួនបានបដិសេធសំណើររបស់ Bayern Munich ទៅវិញ។
ទោះបីជាមិនបានបញ្ជាក់ថា កិច្ចសន្ទនានោះលំអិតយ៉ាងណាខ្លះក្តី ប៉ុន្តែ Odoi បានបញ្ជាក់ថា chat តែមួយនេះបានផ្តល់ទំនុកចិត្ត១០០ភាគរយសម្រាប់ខ្លួន ក្នុងការបន្តការងារនៅ Stamford Bridge ហើយដូចដែលបានឃើញជាក់ស្តែងរដូវកាលនេះ Odoi គឺអាចបង្ហាញខ្លួនជាប់ជម្រើស១១នាក់ដំបូងរហូត និងក៏ជាកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបផងដែរ៕
ប្រែសម្រួល:Lee