បរាជ័យយ៉ាងអាម៉ាសរបស់ក្លឹបមាន់ខ្នាយមាស Spurs ក្រោមថ្វីដៃក្រុមខ្សោយ Brighton ក្នុងលទ្ធផល៣ទល់នឹង០នោះពិតជាបានធ្វើឲ្យក្លឹបកំពុងស្ថិតនៅក្នុងសំពាធខ្លាំងមែនទែនព្រោះថាក៏ទើបតែចាញ់ក្រុម Bayern Munich ក្នុងលទ្ធផលចាស់ដៃ៧ទល់នឹង2ផងដែរក្នុងពានរង្វាន់ Champion League កាលពីប៉ុន្មានថ្ងៃមុននេះ។
លើសពីនេះ Spurs ក៏កំពុងមានបញ្ហាមួយផ្សេងទៀតផងដែរចំពោះអ្នកចាំទីជម្រើសទី១កីឡាករ Hugo Lloris ដែលត្រូវបានបង្ខំចិត្តចាកចេញពីការប្រកួតជាមួយនឹង Brighton កាលពីយប់ថ្ងៃសៅរ៍នោះ។នៅថ្ងៃអង្គារទី៨ខែតុលានេះThe Mirrorបានសរសេរថាក្រោយការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យគេអាចជឿជាក់បានថា Lloris នឹងមិនអាចបង្ហាញខ្លួនឲ្យក្លឹបឡើយរហូតដល់ដាច់ឆ្នាំ ២០១៩ នេះ។
ប្រភពដដែលបានសរសេរទៀតថាក្នុងនោះក្លឹបមាន់ខ្នាយមាស Spurs នឹងនៅសល់កីឡាករអ្នកចាំទីអាហ្សង់ទីនមួយរូបទៀតគឺ Paulo Gazzaniga ដែលកន្លងមកបានបង្ហាញខ្លួនបានតែ៥ដងប៉ុណ្ណោះឲ្យក្លឹបចាប់តាំងតែពីផ្លាស់មកទីនេះកាលពីខែសីហាឆ្នាំ២០១៧៕
ប្រែសម្រួល:Lee