តារាបាល់ទាត់ជប៉ុន និងជាអ្នកចាត់ការទូទៅក្នុងក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានធ្វើការស្នើសុំលេងឲ្យក្លិប Man Utd តាមរយៈ បណ្តាញសង្គមធ្វិតទ័រ ដើម្បីជួយដល់លោក Ole Gunnar Solskjaer ។
ក្រុមបិសាចក្រហមបច្ចុប្បន្នទើបតែឈ្នះបាន២ ប្រកួតក្នុងចំណោម ៦ប្រកួតនៃការបើករដូវកាល ក្នុងលីកកំពូលអង់គ្លេស នារដូវកាលនេះ ។
ហើយអ្វីៗកាន់តែមិនងាយស្រួលនោះទេ សម្រាប់ក្រុមលោក Ole ដែលត្រូវស្វាគមន៍ក្រុមខ្លាំងៗ នារដូវកាលនេះ ។
បិសាចក្រហមបច្ចុប្បន្នស្ថិតនៅលេខរៀងទី១១ ក្រោយពីចាញ់យ៉ាងស្ពឹកមុខ ក្នុងជំនួបជាមួយ West Ham នាពេលកន្លងទៅ។
ជាមួយបញ្ហាខ្លះខាតធនធានកីឡាករបស់បិសាចក្រហម ត្រូវបានគេជឿជាក់ថា មានតែវិធីមួយគត គឺក្លិបត្រូវបន្តការចំណាយថវិកា រកចំណូលកីឡាករ ថ្មីក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ។
ទន្ទឹមជាមួយគ្នានេះដែរ កីឡាករជើងចាស់អាយុ ៣៣ឆ្នាំ Honda បានជឿជាក់ថានឹងអាចធ្វើឲ្យបិសាចក្រហម មានឥទ្ធិពលនាពេលខាងមុខវិញ។ សម្រាប់លោក ហុងដា ក្រោយចាកចេញពីក្លិប Melbourne Victory កាលពីខែឧសភា រហូតដល់ពេលនេះ មិនទាន់មានក្លិបលេងនោះទេ ។
លោក ហុងដា ធ្លាប់ជាកីឡាករឆ្នើម ដោយបង្កើតកេរ្តិ៍ឈ្មោះតាមរយៈការលេងឲ្យក្លិបធំៗ CSKA Moscow និង AC Milan ។ កីឡាករចាស់ វស្សា និងជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជារូបនេះ នៅតែបន្តការធ្វើអំពាវនាវដើម្បីសុំជ្រកកោនក្នុងក្លិបអស្ចារ្យនិង ធំៗ ។
លោកបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតទ័រថា «សូមផ្តល់ជូនខ្ញុំមក! ខ្ញុំមិនត្រូវការលុយនោះទេ ខ្ញុំត្រូវការលេងជាមួយក្រុមដ៏អស្ចារ្យ @ Man Utd» ៕