ក្លឹប Newcastle United បានបញ្ជាក់ហើយនៅថ្ងៃអង្គារថាលោក Rafael Benitez នឹងចាកចេញពីក្លឹបនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនានេះក្រោយពីប្រកែកមិនព្រមចុះកិច្ចព្រមព្រៀងថ្មីជាមួយនឹងម្ចាស់ក្លិបលោក Mike Ashley ។
លោក Benitez បានចូលរួមជាមួយនឹងក្លឹប Newcastleតាំងតែពីខែមីនាឆ្នាំ២០១៦ បន្ទាប់ពីត្រូវបានបណ្តេញចេញពីក្លឹប Real Madrid ហើយទោះបីជាគាត់មិនអាចជួយសង្គ្រោះក្លឹបពីការកាត់ចោលទៅលីកទី២Championshipក៏ដោយក៏គាត់បានដឹកនាំពួកគេឱ្យឡើងមកលីកកំពូលវិញនៅឆ្នាំបន្ទាប់ហើយបានរក្សាNewcastleទំរង់ដ៏ល្អឡើងវិញនារដូវកាលកន្លងមក។
គេជឿជាក់ថាការសម្រេចចិត្តធ្វើឡើងនៅក្រោយពេលដែលបុរសរូបនេះបានបង្ហាញពីការខកចិត្តលើបញ្ហាការផ្តល់មូលនិធិដោះដូរកីឡាករដែលមានការកំណត់ខ្លាំងពេកនិងក៏ដូចជាកង្វះការគ្រប់គ្រងលើគោលនយោបាយផ្ទេរជាដើម។
Sky Sports បានបញ្ជាក់ថាការងារបន្ទាប់របស់លោក Benitez អាចនឹងធ្វើឡើងនៅក្នុងប្រទេសចិនដោយគ្រូបង្វឹកវ័យ៥៩ ឆ្នាំរូបនេះនឹងពិចារណាលើសំណើរដ៏ច្រើនមួយពីសំណាក់ក្លិបបាល់ទាត់ចិន Dalian Yifang ៕
ប្រែសម្រួល:Lee