ថ្មីៗនេះប្រទេសចិនបានប្រកាសអំពីផែនការ ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអប់រំវិស័យកីឡាបាល់ទាត់នៅតាមសាលារៀន ឲ្យបាននៅក្នុងឆ្នាំ២០១៩នេះក្នុងនោះខ្លួនមានគម្រោងបង្កើនប្រព័ន្ធកីឡាបាល់ទាត់ ឱ្យបានកាន់តែប្រសើរក៏ដូចជាការបង្រៀនបាល់ទាត់និងការហ្វឹកហាត់ក្នុងចំណោមយុវវ័យផង។

យោងតាមរបាយការណ៍របស់សារព័ត៌មាន China Education Daily បានឱ្យដឹងថាការយកចិត្តទុកដាក់លើកីឡាបាល់ទាត់គឺ ត្រូវផ្តោតជាសំខាន់ទៅលើក្រុមយុវជននិងការលើកកម្ពស់ការហ្វឹកហ្វឺន និងការហ្វឹកហាត់ដែលមានគុណភាពខ្ពស់។

របាយការណ៍ដដែលនេះក៏បានឱ្យដឹងទៀតថាការណែនាំនិងការត្រួតពិនិត្ យលើប្រតិបត្តិការរបស់សាលារៀនដែលមានលក្ខណៈប្រកួតបាល់ទាត់របស់ប្រទេស នឹងត្រូវបានពង្រឹងហើយអ្នកដែលបរាជ័យក្នុងការបំពេញតាមស្តង់ដារពាក់ព័ន្ធនឹងត្រូវដកចេញពីបញ្ជី។

លើសពីនេះប្រព័ន្ធហ្វឹកហាត់និងបណ្តុះបណ្តាលនឹងត្រូវបានធ្វើឱ្យប្រសើរឡើង។ វេបសាយសម្រាប់វគ្គសិក្សាកីឡាបាល់ទាត់សាលានឹងត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ការចែករំលែកធនធានតាមអ៊ីនធឺណេត។ គ្រូបង្វឹកអាជីពនិងកីឡាករចូលនិវត្តន៍ក៏នឹងត្រូវបានលើកទឹកចិត្តឱ្យផ្តល់មេរៀននៅក្នុងសាលារៀន៕
ប្រែសម្រួល:Lee
