ភ្នំពេញ៖ ក្រុមកង់ដែលមានសមាជិកចំនួន ជាង ៤០នាក់ មានឈ្មោះថា Banker Cycling Team នឹងនាំសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រ ស្ថិតនៅកណ្តាលព្រៃក្នុងតំបន់ជីផាត ខេត្តកោះកុង នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោយមើលឃើញពីភាពលំបាករបស់សិស្សានុសិស្ស នៅតំបន់ នោះ ។
បើតាមលោក ណៃ សំបូរ ដែលសមាជិកជាន់ខ្ពស់របស់ក្រុមកង់ខាងលើ បានថ្លែងប្រាប់ OBN Asia នាថ្ងៃម្សិលមិញថា «លោកបានឃើញសាលាមួយ នៅជីផាត ស្ថិតកណ្តាលព្រៃ ឃើញតែមួយថ្នាក់ មានកូនសិស្សប្រហែល ៣០នាក់ ហើយមានគ្រូពីរនាក់ ដូចជា ថ្នាក់ទី១ និងទី២ រៀនចូលគ្នា មើលទៅរខេរខាក មិនគាប់ភ្នែក ដោយខ្ញុំបានទៅម្តងរួចហើយប៉ុន្តែមិនបានត្រៀមសម្ភារៈអ្វីទៅនោះទេ » ។
ក្រោយឃើញពីភាពលំបាករបស់សិស្សក្នុងតំបន់នោះ លោកនិងក្រុមជិះកង់ ថានឹងនាំគ្នាមកម្តងទៀត ហើយក៏រកឃើញថ្ងៃ ដែលត្រូវទៅគឺថ្ងៃទី ១៩ ទី២០ ខែមករា ឆ្នាំ២០១៩ នេះតែម្តង ដោយនាំសម្ភារៈសិក្សាទៅវិញ បើឲ្យលុយគឺចាយអស់ហើយគ្មានបានអ្វីជួយដល់ការសិក្សានោះទេ ដោយត្រឹមតែរស់បានមួយពេលនោះទេ ។ ក្នុងនោះដែរក្រុមកង់ ក៏បាននាំយកព័ត៌មាននេះ ទៅផ្សព្វផ្សាយទៅកាន់ស្ថាប័នរៀងៗខ្លួន ដើម្បីប្រមែប្រមូល ថវិកាទិញសម្ភារៈ ជូនសិស្សក្រីក្រទាំងនោះតែម្តង។
លោកថា «យើងបានទិញសម្ភារៈរួចរាល់ហើយ ដោយត្រូវនាំយកទៅជូននៅថ្ងៃទី១៩ ថ្ងៃទី២០ សប្តាហ៍នេះ ដោយគោលដៅចំបង គឺទៅជួយសិស្សក្រីក្រនៅជីផាត ហើយក្រៅពីនេះពួកខ្ញុំអាចបានឃើញទេសភាពស្អាតៗ បែបធម្មជាតិនៅតំបន់នោះផង»។
លោកបានបញ្ជាក់ថា សម្រាប់សម្ភារៈសិក្សានោះ មិនមានអ្វីធំដុំនោះទេ គឺមានតែសៀវភៅ ប៊ិច ខ្មៅដៃ តែប៉ុណ្ណោះ ។
ក្រៅពីសកម្មភាពមួយនេះ លោកថា លើកក្រោយៗទៀត លោកនឹងបន្តដំណើរចុះម្តងទៀតនៅថ្ងៃណាមួយជាមួយក្រុមកង់របស់លោក ដើម្បីជួយដល់ សិស្សក្រីក្រ ក្នុងតំបន់ជីផាត និងតំបន់ផ្សេងទៀតក្នុងទឹកដីខេត្តកោះកុងនេះ ៕












