ទស្សនៈមួយស្របគ្នា​រវាងគ្រូបង្វឹកកម្ពុជា និងទីម័រ លើចំណុចខ្សោយជម្រើសជាតិកម្ពុជា

0

ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជា នារាត្រីយប់មិញនេះបានធ្វើយ៉ាងល្អ​សម្រាប់ការប្រកួតនៅតង់ទី​២ ក្រោយបង្កើតឱកាស​ជាច្រើន​ដាក់សម្ពាធទៅលើក្រុមទីម័រ ដែលជាលទ្ធផលសម្រេចត្រឹមតែ 2-2 ខណៈដែលគ្រូបង្វឹក​ទាំងកម្ពុជា និងទីម័រ មានទស្សនៈ១រួមគ្នាថា​កម្ពុជាអន់ត្រង់តំបន់បញ្ចប់ទី​។​

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្គោលរបស់​ទីម័រខាងកើត លោក Tsukitate បានលើកឡើងថា បើសិនជាខ្សែប្រយុទ្ធ​កម្ពុជាមុតស្រួច និងខ្លាំងជាងហ្នឹង ប្រហែលអាច​ទាត់បញ្ចូលទីពី ៥ ទៅ ៦គ្រាប់បន្ថែមទៀត ។ ប៉ុន្តែអ្វីដែលគ្រូបង្វឹករូបនេះលើកសរសើរដល់ក្រុមគោព្រៃកម្ពុជា ត្រង់ថាកីឡាករកម្ពុជាមានឆន្ទះប្រយុទ្ធហើយប្រយុទ្ធទៀត ដែលធ្វើឲ្យកីឡាករលោកមានស្មារតីវង្វេងបន្តិចក្នុងការប្រកួត ។​​

ដោយឡែកលោក Felix Agustin Gonzalez Dalmas គ្រូបង្វឹករបស់កម្ពុជា បានលើកឡើងក្នុងពិធីធ្វើសន្និសីទ​កាសែត​ក្រោយចប់ការប្រកួត ក៏បានយល់ក្នុងទស្សនៈមួយដូចគ្រូបង្វឹកទីម័រដែរ ថា​អ្វីដេលគួរផ្តោតសំខាន់នៅពេលនេះគឺការបញ្ចប់ទី ឲ្យខ្លាំងជាងហ្នឹងទៀត ដូចដែលយើងបានឃើញស្រាប់នៅលើទីលាន​ហើយ មាន​​ឱកាសច្រើនតែយើងធ្វើមិនបានសម្រេច។​
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងទទួលស្វាគមន៍ សឹង្ហបុរី នៅថ្ងៃទី ១៦ មួយប្រកួត សម្រាប់ត្រៀមជើងប្រកួតពាន AFF Suzuki Cup ៕