តារាបាល់ទាត់របស់តួកគី Arda Turan ត្រូវបានសាកសួរដោយប៉ូលិសតួកគីចំពេលដែលមានសេចក្តីរាយការណ៍មកថា គាត់បានប្រើហិង្សាវាយបែកខ្ចង់ច្រមុះ តារាចម្រៀងប៉ុប ម្នាក់ ។
តារាចម្រៀងប៉ុប Berkay Sahin បានធ្វើការចោទប្រកាន់ ទៅលើតារាបាល់ទាត់ខ្សែបម្រើ ដែលស្ថិតក្នុងបញ្ជីរបស់ Barcelona និងលេងលក្ខណៈខ្ចីជើងនៅតួគី កាលពីដើមសប្តាហ៍នេះ ដោយប្រើហិង្សា នៅក្នុងក្លិបរាត្រីមួយនាទីក្រុងអ៊ីស្តង់ប៊ុល ។
Turan អាយុ ៣១ឆ្នាំ ត្រូវបានប៉ូលិសសាកសួររយៈពេល ៣ម៉ោង មុននឹងធ្វើការដោះលែងមកវិញ ។
ខ្សែបម្រើរូបនេះ បច្ចុប្បន្នលេងនៅ Istanbul Basaksehir ក្រោយខ្ចីជើងពីក្លិប Barcelona ហើយគាត់ក៏ជាជម្រើសជាតិរបស់តួកគីផងដែរ។
ប្រពន្ធរបស់ជនរងគ្រោះអ្នកស្រី Ozlem Ada Sahin បានប្រាប់កាសែត Haberturk ថា កីឡាករបាល់ទាត់នេះបានធ្វើការញ៉ែញង យ៉ាងជក់ចិត្តចំពោះនាង ហើយក៏បានប្រើហិង្សាទៅលើប្តីរបស់នាង ជាតារាចម្រៀង Berkay Sahin ។
Berkay Sahin ដែលគេស្គាល់ថាជាតារាចម្រៀងល្បីតួកគី ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីវះកាត់ព្យាបាលខ្ចង់ច្រមុះ ដែលបាក់នោះ។
បញ្ជាក់ផងដែរថាកីឡាករ Turan ត្រូវបានសហព័ន្ធបាល់ទាត់ចេញសេចក្តីប្រកាសមិនឲ្យចូលរួមលេងបាល់ទាត់ ១៦ ប្រកួត កាលពីខែ ឧសភា កន្លងទៅ ក្រោយប្រើកាយវិការមិនសមរម្យដោយរុញអាជ្ញាកណ្តាល និងបូករួមពិន័យទឹកប្រាក់ ៥ពាន់ផោនផងដែរ៕