បេសកកម្មផ្ទេរ Eden Hazard បានក្លាយជាការពិភាក្សាធំមួយ រយៈពេល ១ខែចុងក្រោយនេះ ។ ក្រុមអ្នកគាំទ្រតោខៀវ Chelsea មានការបារម្ភ ខ្លាចកីឡាកររូបនេះចាកចេញពីទឹកដីស្តេចតោ ដែលនឹងក្លាយជារឿងអាក្រក់បំផុតសម្រាប់ក្រុម ។ ទោះបីជាយ៉ាងណា គេឃើញថា Eden Hazard បានបង្ហាញខ្លួនលេងជាផ្លូវការក្នុងរយៈពេល ២ ប្រកួតចុងក្រោយ នៃរដូវកាលថ្មីនេះ។
តារាបាល់ទាត់សញ្ជាតិបែលហ្សិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេលប្រកួតឈ្នះក្រុមជម្រើសជាតិអង់គ្លេស ថាគាត់កំពុងស្វែងរកអ្វីមួយផ្សេងគ្នា ក្នុងអនាគតរបស់ក្លិបគាត់។
គាត់បាននិយថា ៖
បន្ទាប់ពីរយៈពេល ៦ឆ្នាំនៅក្លិបតោខៀវ វាប្រហែលជាពេលវេលា ដើម្បីរកឲ្យឃើញអ្វីមួយ ខុសគ្នា ។ ពិតណាស់ បន្ទាប់ពីការប្រកួត World Cup នេះ ខ្ញុំអាចសម្រេចថាតើខ្ញុំចង់ស្នាក់នៅ ឬទៅប៉ុន្តែ តោខៀវ នឹងធ្វើការសម្រេចចិត្តចុងក្រោយ ប្រសិនបើពួកគេចង់ខ្ញុំទៅ ។ អ្នកដឹងពីទិសដៅ ដែលខ្ញុំពេញចិត្ត ជាពិសេសគឹការប្រកួតក្នុងក្របខណ្ឌ UCL ។
គាត់បានបន្តថា អ្នកលេងទាំងអស់សុបិន្តចង់ទៅលេងនៅ Real Madrid មាន Zidane រឺគ្មាន Zidane តែអាវពណ៌សវាពិសេសណាស់ ។ យ៉ាងណាក្តី អំឡុងពេលនេះ អាវពណ៌ខៀវ គឺនៅតែល្អសម្រាប់ខ្ញុំ ដូច្នេះអ្វីៗគ្រប់យ៉ាងគឺល្អហើយ ក្នុងការស្នាក់នៅ គ្មានអ្វីរំខាន។ សម្រាប់ពេលនេះ ខ្ញុំសប្បាយចិត្តស្នាក់នៅ ខ្ញុំ នៅមានកិច្ចសន្យាពីរឆ្នាំទៀត ។ ពេលនេះដែរ គ្មានក្លិបណាចង់ទិញខ្ញុំនោះទេ ដូចដែលខ្ញុំបាននិយាយ ១០០ ដងមកហើយ គឺនៅតោខៀវគឺសប្បាយចិត្តខ្លាំង។
Maurizio Sarri គ្រូបង្វឹកថ្មីតោខៀវ ក៏បានលើកឡើងថា គ្មាននរណា លក់កីឡាករល្អចេញ ហើយទិញកីឡាករដែលមានកម្រិតប្រហាក់ប្រហែលគ្នានោះទេ ដូច្នេះ គាត់នឹងលេងសម្រាប់យើង នៅរដូវកាលទាំងមូល។
Thierry ឪពុកកីឡាករខាងលើ បានប្រាប់អ្នកសារព័ត៌មានកន្លងទៅថា ការលាឈប់របស់ហ្ស៊ីដាន់ពីក្លិប បានធ្វើឲ្យកូនប្រុសរបស់គាត់ មិនចូលរួមលេងជាមួយក្លិបអធិរាជស ៕