កីឡាករ Rashford ទំនងជានឹងចាកចេញពី Manchester United នៅរដូវក្តៅនេះបន្ទាប់ពីមិនស្ថិតនៅក្នុងការចាប់អារម្មណ៍របស់លោក Ruben Amorim ហើយកីឡាករវ័យ ២៧ឆ្នាំរូបនេះ ក៏បានចាកចេញពីកាន់ក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា។ កីឡាករសញ្ជាតិអង់គ្លេសចង់ផ្លាស់ទៅ Barcelona ខណៈក្លឹបយក្សកាតាឡាន់ក៏ចាប៉អារម្មណ៍ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះប្រហែលជាមិនបានសម្រេចទេ ដោយសារម្ចាស់ជើងឯក La Liga មិនមានឆន្ទៈក្នុងការបំពេញតាមការទាមទាររបស់បិសាចក្រហម។
បើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Inter ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Rashford នៅរដូវក្តៅនេះ បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ទល់នឹង Paris Saint-Germain ។ ក្លឹបយក្សនៅអ៊ីតាលីចាប់អារម្មណ៍លើការកសាងក្រុមរបស់ពួកគេឡើងវិញ ជាពិសេសចំពេលមានរបាយការណ៍ថាអ្នកចាត់ការលោក Simone Inzaghi អាចនឹងត្រូវទៅដឹកនាំក្លឹប Al-Hilal នៅអារ៉ាប៊ីសាអូឌីត។
ក្លឹប Aston Villa ក៏ចាប់អារម្មណ៍ក្នុងការនាំយក Rashford ត្រលប់ទៅ Villa Park វិញនៅរដូវក្តៅនេះ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អពេលខ្ចីជើងក្រោមការដឹកនាំរបស់លោក Unai Emery។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Aston Villa ខកខានមិនបានលេង Champions League ហើយក្លឹបក៏មិនអាចផ្តល់ប្រាក់ឈ្នួលដ៏ច្រើនសម្រាប់កីឡាករវ័យ ២៧ឆ្នាំរូបនេះឡើយ។ ដូចនេះ ប្រសិនបើ Barcelona ក៏ដកខ្លួនចេញពីកិច្ចព្រមព្រៀងសម្រាប់ Rashford ដែរនោះ Inter នឹងជាក្លឹបដែលនាំមុខគេក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប។
ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានបើកចំហសម្រាប់កិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ Rashford ហើយប្រសិនបើភាគីកាតាឡានអាចដោះស្រាយបញ្ហាប្រាក់ឈ្នួលរបស់ខ្សែបម្រើស្លាបជាមួយក្រុមបិសាចក្រហម នោះក្រុមកាតាឡានប្រហែលទំនងជាធ្វើកិច្ចព្រមព្រៀងសម្រាប់ Rashford ។ ទោះជាយ៉ាងណាក៏ដោយ Inter នឹងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ខណៈដែលពួកគេចង់ធ្វើឱ្យក្រុមរបស់ពួកគេមានកម្លាំងឡើងវិញ៕