ក្លឹប Arsenal ព្រួយបារម្ភពីអនាគតរបស់ Saliba

0

ក្រុមកាំភ្លើងធំបារម្ភថាពួកគេអាចបាត់បង់ William Saliba ក្នុងតម្លៃទាបនៅឆ្នាំក្រោយ ឬដោយឥតគិតថ្លៃនៅឆ្នាំ២០២៧ នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់ ដោយមានរបាយការណ៍អះអាងថា Real Madrid មានផែនការចុះហត្ថលេខាយកគាត់ក្នុងរយៈពេលវែង។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាប្រធានផ្នែកកីឡាថ្មីរបស់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍គឺលោក Andrea Berta បានទាក់ទងទៅអ្នកតំណាងរបស់ខ្សែការពារ William Saliba រួចហើយ ទាក់ទងនឹងការបន្តកុងត្រាថ្មីនេះ។ ពួកគេ​មិនទាន់​ផ្តល់​លក្ខខណ្ឌ​ថ្មី​ដល់​គាត់​នៅឡើយ​ទេ ប៉ុន្តែ​សង្ឃឹមថា​នឹង​មានការ​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។

ក្លឹប Arsenal ត្រូវបានរាយការណ៍ថាជឿជាក់លើសមត្ថភាពរបស់គ្រូបង្វឹក Mikel Arteta ក្នុងការបញ្ចុះបញ្ចូល Saliba រួមជាមួយនឹងដៃគូខ្សែការពារកណ្តាល Gabriel Magalhaes និងខ្សែប្រយុទ្ធ Bukayo Saka ឱ្យចុះកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Emirates ។ ការបន្តកុងត្រារបស់ Saka ត្រូវបាននិយាយថាជិតរួចរាល់ហើយ ប៉ុន្តែការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតទៅលើ Gabriel និងការតាមប្រមាញ់ Saliba របស់ Madrid ធ្វើឱ្យពួកគេព្រួយបារម្ភអំពីការបាត់បង់ខ្សែការពារ។

ក្លឹប Arsenal ឈរនៅលេខរៀងទី២ ក្នុងក្របខណ្ឌ Premier League ដោយនៅសល់បីប្រកួតទៀត ខណៈម្ចាស់ជើងឯករដូវកាលមុន Manchester City មានបីពិន្ទុតាមពីក្រោយពួកគេ។ កីឡាករ Saliba និងសមាជិកក្រុមមាន​បំណង​ជំរុញ​ក្តី​សង្ឃឹម​របស់​ពួក​គេ​ក្នុង​ការ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​រង​ដោយ​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ថ្មី Liverpool នៅ​ថ្ងៃ​អាទិត្យ៕