ការរំពឹងទុកនៅក្នុងរដូវកាលនេះដែលថាជាពេលវេលាចុងក្រោយរបស់កីឡាករ Wirtz ជាមួយក្លឹប Leverkusen ដោយសារតែទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករវ័យ ២២ឆ្នាំសម្រាប់ក្លឹប ដែលធ្វើអោយទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Real Madrid និង Manchester City ក៏ដូចជាក្លឹបយក្ស Bayern Munich។ កីឡាករសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់ថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីក្លឹបបច្ចុប្បន្នរបស់គាត់នៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ ដើម្បីចាកចេញពី «តំបន់សុវត្ថិភាព» របស់គាត់។
យោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាកីឡាករ Wirtz និង Bayern បានព្រមព្រៀងគ្នា ហើយអតីតកីឡាករសាលាយុវជន Koln មិនមានបំណងទទួលយកសំណើរពី City ឬ Madrid នោះទេ បើទោះបីជាគ្រូបង្វឹក Leverkusen លោក Xabi Alonso កំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការទទួលយកការងារនៅ Real Madrid បន្ទាប់ពីបញ្ជាក់ពីការចាកចេញរបស់គាត់ដែលជិតមកដល់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Leverkusen មិនចង់លក់ទៅឱ្យគូប្រជែងផ្ទាល់របស់ពួកគេទេ ហើយការពិភាក្សារវាងក្លឹបទាំងពីរមិនទាន់បានចាប់ផ្តើមនៅឡើយ ដោយក្លឹប Bayern ត្រូវបានរាយការណ៍ថាបានត្រៀមចំណាយប្រាក់ ១២៥លានអឺរ៉ូ ដើម្បីទិញគាត់។
កិច្ចសន្យារបស់កីឡាករ Wirtz នៅក្លឹប Leverkusen មានសុពលភាពរហូតដល់ឆ្នាំ២០២៧ ហើយទោះបីជាកីឡាកររូបនេះចង់ផ្ទេរនៅរដូវក្តៅនេះក៏ដោយ ក៏គាត់អាចត្រូវបន្តការស្នាក់នៅមួយរដូវកាលទៀតផងដែរ ដើម្បីអោយការចាកចេញរបស់គាត់មានតម្លៃថោកជាងនៅរដូវក្តៅឆ្នាំ ២០២៦។
Wirtz រកបាន ១៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១៣លើកនៅក្នុងរដូវកាលនេះសម្រាប់ក្លឹប Leverkusen ហើយសង្ឃឹមថានឹងបន្តរកគ្រាប់បាល់បានក្នុងការប្រកួតជាមួយក្លឹប Borussia Dortmund ចុងសប្តាហ៍នេះ៕