យោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Newcastle United បានសម្រេចចិត្តលក់ខ្សែបម្រើ Bruno Guimaraes ក្នុងតម្លៃទាបបំផុតនៅរដូវក្តៅក្រោយ ហើយក្លឹប Barcelona បានចូលខ្លួនមកប្រជែងជាមួយក្លឹបយក្សនៅ Premier League គឺក្លឹប Arsenal ក្នុងការចុះហត្ថលេខាយកកីឡាករនេះនៅរដូវក្តៅ។
ប្រសិនជាកីឡាករ Guimaraes មកចូលរួមជាមួយក្លឹប Barcelona វាអាចនឹងធ្វើអោយប៉ះពាល់ដ៏អនាគតរបស់កីឡាករ Frenkie de Jong នៅក្លឹប។ ក្រុមយក្សកាតាឡាន់ដែលសម្បូរទៅដោយខ្សែបម្រើមានទេពកោសល្យមានដូចជា De Jong, Pedri, Gavi, Dani Olmo, Marc Casado និង Marc Bernal សម្រាប់ក្រុមឈុតធំ។ ពួកគេមិនត្រូវការខ្សែបម្រើការពារដូច Guimaraes នោះទេ ប៉ុន្តែអ្វីៗអាចផ្លាស់ប្តូរបាន ប្រសិនបើ De Jong មិនបន្តកិច្ចសន្យារបស់គាត់ ហើយចាកចេញនៅរដូវក្តៅនេះ ចំពេលមានពាក្យចចាមអារ៉ាមថា Arsenal កំពុងកំណត់គោលដៅលើកីឡាករសញ្ជាតិហូឡង់។
កីឡាករ Guimaraes ត្រូវបានផ្សារភ្ជាប់ជាញឹកញាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបធំៗនៅ Premier League ដែលមានដូចជា Arsenal និង Manchester United បានចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។ ប្រសិនបើក្រុមសារិកាព្រៃ មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយទេ ពួកគេនឹងអនុញ្ញាតឱ្យ Guimaraes ចាកចេញក្នុងតម្លៃប្រហែល ៦០លានផោន។
កីឡាករ Guimaraes នឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតនាថ្ងៃអាទិត្យនេះ នៅពេលដែលក្រុម Newcastle United ប្រកួតជាមួយក្លឹប Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup។ ក្រុមរបស់លោក Eddie Howe កំពុងឈរនៅលេខរៀងទី៦ សម្រាប់ក្របខណ្ឌ Premier League ដែលតាមពីក្រោយក្រុមលេខ៤ តែ ២ពិន្ទុប៉ុណ្ណោះ៕