កីឡាករ Guler បានជួបការលំបាកក្នុងការស្វែងរកពេលវេលាលេងទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នៅក្នុងរដូវកាល ២០២៤-២៥។ កីឡាករវ័យ ២០ឆ្នាំត្រូវបានគេរំពឹងថានឹងស្វែងរកតួនាទីមួយនៅក្នុងក្រុម បន្ទាប់ពីគាត់បង្ហាញភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ EURO 2024 ជាមួយក្រុមជម្រើសជាតិតួកគី។ ទោះបីជាយ៉ាងណាក៏ដោយ គាត់អាចលេងបានត្រឹមតែជាង ១០០០នាទីនៅគ្រប់ការប្រកួតទាំងអស់រហូតមកដល់ពេលនេះ ហើយបានបង្ហាញខ្លួនក្នុងការប្រកួត La Liga តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ៥ដងចុងក្រោយរបស់ក្លឹប។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាចំពេលមានការតស៊ូរបស់កីឡាករជម្រើសជាតិទួរគីនៅក្លឹបអធិរាជស ក្រុម Eintracht នៃក្របខ័ណ្ឌ Bundesliga កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាកររូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ហើយ Sport BILD ក៏បានរាយការណ៍ថាក្លឹប Real Madrid អាចពិចារណាដាក់អោយកីឡាករ Endrick និង Guler ខ្ចីជើងទៅកាន់ក្លឹបនៅអាឡឺម៉ង់នៅមុនរដូវកាល ២០២៥-២៦ ដោយធានាថាពួកគេទទួលបានពេលវេលាលេងជាប់លាប់។
របាយការណ៍របស់ Sky Sports ក៏បានបន្ថែមថាស្របពេលដែលក្លឹប Frankfurt ចាប់អារម្មណ៏ ក៏មានក្លឹប RB Leipzig ក៏កំពុងតាមដានស្ថានភាពរបស់កីឡាករទួរគី និងអាចដាក់សំណើដេញថ្លៃសម្រាប់កីឡាកររូបនេះ៕