Home សង្គម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង

0

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកអភិបាលរងខេត្ត ព្រមទាំងប្រតិភូក្រសួងមុខងារសាធារណៈ។

ក្នុងជំនួបសំណេះសំណាលនារសៀលនេះ លោក ប៉ិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារដែលមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង សម្រេចបានជាច្រើននាពេលកន្លងមក ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការអនុវត្តការងារទៅតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរបាយការណ៍សង្ខេបនេះ លោកប្រធានមន្ទីរ បានលើកឡើងថា មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានខិតខំបំពេញការងារក្នុងការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញទៅតាមតម្រូវការ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ដោយសារមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង មានតួនាទី ភារកិច្ចច្បាស់លាស់ និងមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តស្ទឹងត្រែង ទើបមន្ទីរសម្រេចបានការងារសំខាន់ៗ គួរឱ្យកត់សម្គាល់ រួមមាន៖

១-អនុវត្តគោលនយោបាយ និងផែនការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

២-លើកយោបល់ រៀបចំផ្សព្វផ្សាយ សម្របសម្រួល តាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងផែនការការងារក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សនៅថ្នាក់ក្រោមជាតិ

៣-ជួយគណៈអភិបាល និងក្រុមប្រឹក្សាក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមការធ្វើប្រតិភូកម្ម អំណាចដល់ថ្នាក់ក្រោមជាតិ។

៤-សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីធនធានមនុស្សរដ្ឋបាលសាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័យមុខងារសាធារណៈ។

៥-បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុងដំណើរការជ្រើសរើសមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្តែតនៅថ្នាក់ក្រោមជាតិ។

៦-ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិលផ្អែកតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៧-ពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់លើការតែងតាំង និងបញ្ចប់ភារកិច្ចមន្ត្រីរាជការ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ លើសំណើនានាពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

និង ៨-អនុវត្តការងារផ្សេងទៀត តាមការកំណត់របស់ក្រសួងមុខងារសាធារណៈ និងគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តស្ទឹងត្រែង។

សូមជម្រាបថា មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានប្រកាសជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ តាមប្រកាសលេខៈ ១៩៧៩ មស.នក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។ បច្ចុប្បន្នមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានមន្ត្រីរាជការ ចំនួន ៩រូប(ប្រធានមន្ទីរ ១រូប, អនុប្រធានមន្ទីរ ២រូប, ប្រធានការិយាល័យ ៣រូប, អនុប្រធានការិយាល័យ ២រូប និងមន្ត្រី ១រូប) និងមន្ត្រីជាប់កិច្ចសន្យា ៦រូប៕

Previous articleអ្នកនាំពាក្យក្រសួងការពារជាតិ៖ ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ
Next articleក្លឹបនៅទឹកដីអាល្លឺម៉ង់ចង់បាន Guler