យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Zouma គឺលោក Saif Rubie កំពុងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Chelsea ដោយស្វែងរកចំណែកនៃតម្លៃផ្ទេរ ២៩.១លានផោន ដែលក្លឹបទទួលបាននៅពេលពួកគេលក់ខ្សែការពារសញ្ជាតិបារាំងទៅ West Ham ក្នុងឆ្នាំ២០២១។ បណ្តឹងរបស់លោក Rubie គឺសំដៅទៅលើអតីតនាយកក្លឹប Chelsea លោកស្រី Marina Granovskaia ហើយនឹងត្រូវបើកសវនាការនៅតុលាការកំពូល។
លោក Rubie អះអាងថាដោយមានតួនាទីនៅក្នុងកិច្ចព្រមព្រៀង ហើយគាត់មិនបានទទួលប្រាក់កម្រៃពីការព្រមព្រៀងផ្ទេរមួយនោះទេ ដែលគាត់អះអាងថា នឹងត្រូវកំណត់ក្រោមបទប្បញ្ញត្តិរបស់ FIFA។ នៅក្រោមច្បាប់របស់ FIFA ភ្នាក់ងារតំណាងឱ្យក្លឹបលក់មានសិទ្ធិទទួលបានកម្រៃរហូតដល់ ១០% នៃតម្លៃផ្ទេរសរុប។ ក្នុងករណីនេះ Rubie ជឿជាក់ថាគាត់គួរតែទទួលបានជិត ៣លានផោនពីកិច្ចព្រមព្រៀង ២៩.១លានផោន។ លោក Rubie បានធ្វើការទាមទារប្រឆាំងនឹង Chelsea និង Granovskaia ប៉ុន្តែក្លឹបបានប្រកែកថាជម្លោះណាមួយគួរតែត្រូវបានដោះស្រាយនៅក្រោមច្បាប់របស់ FA ដែលគ្រប់គ្រងអាជ្ញាកណ្តាលសម្រាប់ការទាមទារដែលទាក់ទងនឹងបាល់ទាត់៕