នាយកកីឡារក្លឹប Juventus ចេញមកបញ្ជាក់ពីអនាគតរបស់លោក Thiago Motta

0

យោងតាមការបញ្ជាក់របស់នាយកកីឡាលោក Cristiano Giuntoli បានអោយដឹងថាអ្នកចាត់ការក្លឹប Juventus លោក Thiago Motta បន្តទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្លឹប ទោះបីជាមានការខកចិត្តនាពេលថ្មីៗនេះនៅក្នុងការប្រកួតក្នុងស្រុក និងអឺរ៉ុបក៏ដោយ។

ក្លឹប Juventus បានរងការខកចិត្តក្នុងការប្រកួត Coppa Italia ក្រោមថ្វីជើង Empoli ដោយការស៊ុតបាល់ ១១ម៉ែត្រ។ កាលពីដើមខែនេះ ពួកគេក៏ត្រូវបាន PSV Eindhoven ទម្លាក់ចេញពី Champions League ផងដែរ។

លោក Giuntoli បានប្រាប់ Sky Sport Italy ថា៖ «យើងជឿជាក់លើគម្រោងដែលបានចាប់ផ្តើមនៅរដូវក្តៅនេះ ជាគម្រោងមួយដែលបង្កើតតម្លៃដោយផ្តល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើន ហើយយើងមានទំនុកចិត្តថាវានឹងនាំមកនូវការពេញចិត្តយ៉ាងខ្លាំងដល់យើងនាពេលអនាគត។ លោក Motta មិនស្ថិតក្រោមការពិភាក្សាទេ”។

លោកបានបន្តទៀតថា៖ «ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​គឺ​ស្ទើរ​តែ​មិន​អាច​ពន្យល់​បាន​ដោយ​សារ​យើង​បាន​ឈ្នះ​ពាននេះ ៤ដងជាប់គ្នា ដូច្នេះ​យើង​មាន​ការ​ខក​ចិត្ត​ និង​អាក់​អន់​ចិត្ត»។

លោក​បាន​បន្ថែមថា​៖ «​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ជឿជាក់​ថា​គម្រោង​នេះ​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។ ការ​រង​របួស​ជា​ច្រើន​បាន​បង្កការលំបាក ប៉ុន្តែ​យើង​ដឹង​ថា​យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ហើយ​ជឿ​ថា​វា​នឹង​នាំ​មក​នូវ​ជោគជ័យ​នា​ពេល​អនាគត»៕