ស្របពេលដែល Bukayo Saka ត្រូវអវត្តមានដោយសាររបួស ក្រុមកាំភ្លើងធំកំពុងស្វែងរកកីឡាករមកជំនួសកន្លែងខ្សែបម្រើស្លាបរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍លើ Kolo Muani ប៉ុន្តែការស្វែងរករបស់ពួកគេឥឡូវនេះហាក់ដូចជាកំពុងមានសន្ទុះ ខណៈដែលលោក Mikel Arteta ត្រូវបានគេនិយាយថាជាអ្នកកោតសរសើរចំពោះខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបជាច្រើន រួមទាំង Juventus និង AC Milan ក៏ដោយ Arsenal ត្រូវបានគេជឿថាកំពុងនាំមុខក្នុងការប្រជែងចុះហត្ថលេខាយកកីឡាករ Kolo Muani ។ ការបញ្ចុះបញ្ចូលរបស់ក្លឹបកាំភ្លើងធំ និងភាពទាក់ទាញនៅ Premier League អាចផ្តល់ជាអត្ថប្រយោជន៍មួយលើសគូប្រជែងផ្សេងទៀតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ Paris Saint-Germain បើកចំហរក្នុងការខ្ចីជើង ឬការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់កីឡាករសញ្ជាតិបារាំង ដែលមិនមានបំណងច្បាស់លាស់ថាគាត់ចង់ស្នាក់នៅបន្តនៅ Ligue 1, ផ្ទេរទៅ Serie A ឫក៏ចូលរួមជាមួយក្លឹបនៅ Premier League។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Arsenal ធានាបាននូវកិច្ចព្រមព្រៀងខ្ចីជើង ពួកគេនឹងតម្រូវឱ្យទទួលរ៉ាប់រង់ទៅលើប្រាក់បៀវត្សរ៍របស់ Kolo Muani ទាំងមូលដែលមានចំនួន ៤លានអឺរ៉ូក្នុងមួយឆ្នាំ។ ក្លឹបយក្សនៅប៉ារីសចង់ជៀសវាងការខាតបង់បន្ថែមទៀត បន្ទាប់ពីការចំណាយដ៏ច្រើនរបស់ពួកគេលើកីឡាករ និងអនុញ្ញាតឱ្យគាត់ផ្ទេរចេញទោះបីជាលក្ខណៈខ្ចីជើង ឫក៏អចិន្ត្រៃយ៍ ស្របតាមគោលបំណងដ៏ទូលំទូលាយរបស់ក្លឹបក្នុងការស្តារក្រុម និងធនធានរបស់ពួកគេ។
ខណៈដែលទីផ្សារដោះដូរកីឡាករខែមករាមកដល់ វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ថាតើ Arsenal នឹងបន្តការស្វែងរក Kolo Muani ឬប្រសិនបើពួកគេនឹងជ្រើសរើសផ្តោតលើគោលដៅផ្សេង។ គួរបញ្ជាក់ផងដែរថា ពួកគេនឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃសៅរ៍ក្នុង Premier League ទល់នឹង Brighton ៕