ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា

0

ស្វាយ​រៀង​៖ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៨:២០​នាទី បន្ទាប់​ពី​បាន​មើល​ពី​ការ​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ​សង្គម ថា​មាន​រថយន្ត​ដឹក​កម្មករ ០១​គ្រឿង ផ្លា​ក​លេខ ភ្នំពេញ ៣D-៩៣៨៦ បាន​បើកបរ​វ៉ា​ជែង និង​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​បាន​ខឹង និង​មានការ​ឈ្លោះប្រកែក ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​ទាញ​ដំបង​ដែក មក​រក​វាយ​គ្នា ខណៈ​ពេល​ដែល​កំពុង​តែ​បើកបរ​នៅ​លើ​ដងផ្លូវ​សាធារណ​:​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម​ៗ​នោះ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ ចាត់​អោយ​លោក​វរសេនីយ៍ឯក អ៊ុ​ច សា​រ៉​ន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ចុះ​ស្រាវជ្រាវ​ភ្លាម​ៗ​។

ជា​លទ្ធផល​ការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង ១៦:១០​នាទី​រសៀល ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​សង្ស័យ​ខាងលើ ចត​ទុក​ចោល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បា​វិត​។ ក្រោយ​ពី​បាន​រក​ឃើញ​រថយន្ត​ហើយ កម្លាំង​ការិយាល័យ​ជំនាញ​ក៏​បាន​ធ្វើការ​ដកហូត​រថយន្ត​នេះ​មក​រក្សា​ទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង​ចាំ​ម្ចាស់​ចូលខ្លួន​បំភ្លឺ​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ម៉ោង ០៨:៣០​នាទី អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ចូល​ខ្លូ​ន​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ហើយ​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ធ្វើ​កំណត់ហេតុ​លើ​អ្នកបើកបរ​រថយន្ត ដែល​មានឈ្មោះ ឈៀង ចាន់​រី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​បើកប​រថយន្ត​ដឹក​កម្មករ មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដែល​បាន​ធ្វើ​សកម្មភាព​បើកបរ​វ៉ា​ជែង គ្មាន​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ និង​ប្រើ​ហិង្សា​ពេល​បើកបរ​នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខ​ខេត្តស្វាយរៀង ពិតប្រាកដ​មែន ព្រមទាំង​ពុំ​មាន​ប័ណ្ណបើកបរ និង​មាន​ផ្ទុក​សារធាតុ​ញៀន ទៀត​ផង​។

បច្ចុប្បន្ន អ្នកបើកបរ​រថយន្ត​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ហើយ​ត្រូវ​បាន​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន ក្នុង​ពន្ធនាគារ​រួច​ហើយ​៕